កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពក្រុមអ្នកសង្កេតការណ៍អាស៊ាន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស អនុប្រធានអធិការកិច្ចនៃកងទ័ពហ្វីលីពីន នៅទីស្នាក់ការកណ្តាលកងយោធពលខេមរភូមិន្ទ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានវាយតម្លៃថាជាការរួមចំណែកដ៏សំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិហ្វីលីពីន ដែលបានចាត់តាំងកម្លាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកប្រចាំការនៅកម្ពុជា។ ការចូលរួមរបស់កម្លាំង AOT នេះ មានតួនាទីសំខាន់ក្នុងការផ្ទៀងផ្ទាត់ តាមដាន និងជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានជម្រាបជូនលោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស ជាប្រធានគណៈប្រតិភូអំពីសភាពការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យគណៈប្រតិភូបានយល់ដឹងច្បាស់លាស់ និងក្តាប់បាននូវស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន។

បន្ទាប់ពីទទួលបានព័ត៌មានលម្អិត និងក្តាប់បានស្ថានភាពជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តតាមដានការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) យ៉ាងជិតស្និទ្ធ និងបន្តពង្រឹងប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់កម្លាំង AOT។ លោកបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមចំណែកដល់ការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន និងរក្សាបាននូវការអនុវត្តបទឈប់បាញ់ប្រកបដោយស្ថិរភាព និងប្រសិទ្ធភាពខ្ពស់។

ដំណើរទស្សនកិច្ចនេះ បានបង្ហាញឱ្យឃើញនូវឆន្ទៈរួមរបស់កម្ពុជា និងហ្វីលីពីន ក្នុងការពង្រឹងសន្តិសុខ ស្ថិរភាពក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការអាស៊ានឱ្យកាន់តែរឹងមាំ៕