ព្រះវិហារៈ ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារ និងថវិកាមួយចំនួន ជូនដល់បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសព្រះវិហារ។
ការចុះសាកសួរសុខទុក្ខនេះ មានគោលបំណងលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តយ៉ាងស្មោះស្ម័គ្រ ជូនដល់វីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសុខសន្តិភាព និងបូរណភាពទឹកដីជូនជាតិមាតុភូមិ។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការគោរពដឹងគុណ និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ជូនចំពោះលោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារជាតិ មាតុភូមិ និងរក្សាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្តមបានគូសបញ្ជាក់ពីការបន្តប្រកាន់ខ្ជាប់នូវទស្សនៈសន្តិភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានឡើយ។ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព»។
ឯកឧត្តមបានបន្ថែមថា មធ្យោបាយដោះស្រាយដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី និងការយោគយល់គ្នា គឺជាផ្លូវតែមួយគត់ ដែលអាចបញ្ចៀសបាននូវការបាត់បង់អាយុជីវិត ការឈឺចាប់ និងទុក្ខសោករបស់ប្រជាពលរដ្ឋ៕
