ចិនរិះគន់ការដាក់ពង្រាយអាវុធវាយលុកអាមេរិកនៅជប៉ុន និងការហ្វឹកហ្វឺនរួមជាមួយអូស្រ្តាលី

ប៉េកាំង ៖ កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញាឆ្នាំ ២០២៦ ក្រសួងការពារជាតិចិនបានរិះគន់យ៉ាងខ្លាំងចំពោះការដាក់ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកនៅលើទឹកដីជប៉ុន និងការហ្វឹកហ្វឺនយោធារួមគ្នារវាងជប៉ុន សហរដ្ឋអាមេរិក និងអូស្រ្តាលី ដោយព្រមានថា សកម្មភាពទាំងនេះអាចបង្កើនហានិភ័យនៃការប្រឈមមុខគ្នានៅក្នុងតំបន់។

លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថា ការហ្វឹកហ្វឺនដែលមានឈ្មោះថា «Orient Shield 26» ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ទី២៤ ខែកញ្ញា នៅតំបន់ Hokkaido និង Kagoshima នៃប្រទេសជប៉ុន គឺជាការដាក់ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្តទៅមុខ ក្រោមឈ្មោះ «ខែល»។

ប្រព័ន្ធមីស៊ីលមធ្យមរយៈចម្ងាយ Typhon របស់អាមេរិក បានចូលរួមជាលើកដំបូងក្នុងការហ្វឹកហ្វឺននេះ។ លោក Jiang បានបញ្ជាក់ថា «យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់» ចំពោះសកម្មភាពនេះ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខស្របច្បាប់របស់ប្រទេសដទៃ និងបង្កើនហានិភ័យនៃការប្រកួតប្រជែងអាវុធ និងការប្រឈមមុខគ្នាយោធានៅក្នុងតំបន់។

អ្នកនាំពាក្យរូបនេះក៏បានរិះគន់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានបំបែកគោលការណ៍រដ្ឋធម្មនុញ្ញសន្តិភាព និងគោលនយោបាយការពារខ្លួនតែប៉ុណ្ណោះ ដោយអភិវឌ្ឍអាវុធវាយលុករយៈចម្ងាយឆ្ងាយ និងប្រើប្រាស់ការហ្វឹកហ្វឺនយោធាជាមួយប្រទេសផ្សេង ដើម្បីជំរុញការយោធាឡើងវិញ។

លោក Jiang បានព្រមានថា «សកម្មភាពណាដែលជំរុញមហិច្ឆតាយោធារបស់ជប៉ុន នឹងរុញតំបន់ទៅក្នុងវិបត្តិគ្រោះថ្នាក់ ហើយនឹងបង្កគ្រោះថ្នាក់ដល់ប្រទេសទាំងនោះផ្ទាល់»។ គាត់បានអំពាវនាវឱ្យប្រទេសពាក់ព័ន្ធគោរពការព្រួយបារម្ភសន្តិសុខរបស់ប្រទេសដទៃ កែតម្រូវការអនុវត្តខុស ហើយចូលរួមវិភាគទានវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។