កូរ៉េខាងជើងព្រមានពី «ឥទ្ធិពលដូមីណូនុយក្លេអ៊ែរ» ក្រោយកូរ៉េខាងត្បូង និងជប៉ុនបង្ហាញចំណាប់អារម្មណ៍លើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ

តាមរយៈទីភ្នាក់ងារព័ត៌មាន Yonhap ដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2026 កូរ៉េខាងជើងបានរិះគន់ការជំរុញឱ្យកូរ៉េខាងត្បូង និងជប៉ុនមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយចោទថា វាជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលអាចបង្កឱ្យមានការរីកសាយភាយបច្ចេកវិទ្យានុយក្លេអ៊ែរ។

ការរិះគន់នេះកើតឡើងបន្ទាប់ពីមន្ត្រីកងទ័ពជើងទឹកអាមេរិកម្នាក់ កាលពីថ្ងៃទី10 ខែកញ្ញា បានបង្ហាញទស្សនៈវិជ្ជមានចំពោះការជំរុញរបស់កូរ៉េខាងត្បូង និងការអំពាវនាវមួយចំនួននៅជប៉ុន ឱ្យមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

អ្នកវិភាគសន្តិសុខអន្តរជាតិរបស់កូរ៉េខាងជើង Choe Ju Hyon បានចោទថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនអាចនាំទៅរក «ឥទ្ធិពលដូមីណូនុយក្លេអ៊ែរ» និងធ្វើឱ្យប្រព័ន្ធទប់ស្កាត់ការរីកសាយភាយនុយក្លេអ៊ែរអន្តរជាតិចុះខ្សោយ។

ជាមួយគ្នានេះ កូរ៉េខាងជើងក៏បានប្រើការវិវឌ្ឍនេះដើម្បីលើកហេតុផលគាំទ្រការបន្តពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដោយអះអាងថា ស្ថានភាពសន្តិសុខបច្ចុប្បន្នបង្ហាញពីតម្រូវការក្នុងការបង្កើនសមត្ថភាពទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ។