តួកគីយ៉េចេញមុខថ្កោលទោស ខណៈអ៊ីស្រាអ៊ែល ក្រិក និងសាយប្រឺស ធ្វើសមយុទ្ធជើងទឹករួមគ្នា ពង្រឹងទំនាក់ទំនងការពារជាតិ

អ៊ីស្រាអ៊ែល៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ កងកម្លាំងការពារអ៊ីស្រាអ៊ែល (IDF) បានបញ្ចេញវីដេអូនៃសមយុទ្ធផ្លូវទឹករួមគ្នារវាងប្រទេសអ៊ីស្រាអ៊ែល និងក្រិក នៅសមុទ្រមេឌីទែរ៉ាណេខាងកើត។ សមយុទ្ធនេះមានការចូលរួមពីនាវាចម្បាំងអ៊ីស្រាអ៊ែល ២ គ្រឿង និងនាវាចម្បាំងក្រិក ២ គ្រឿង ដោយធ្វើការហ្វឹកហ្វឺនសេណារីយ៉ូប្រតិបត្តិការ រួមទាំងការឆ្លើយតបនឹងការគំរាមកំហែងតាមសមុទ្រ ការស្វែងរក និងជួយសង្គ្រោះ ក៏ដូចជាស្ថានភាពអាសន្ន។

សមយុទ្ធនេះជាផ្នែកនៃកិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាងអ៊ីស្រាអ៊ែល ក្រិក និងសាយប្រឺស ដែលបានចុះហត្ថលេខាលើផែនការសកម្មភាពរួមសម្រាប់ឆ្នាំ២០២៦ ក្នុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីពង្រីកលំហាត់ហ្វឹកហ្វឺនអាកាស និងជើងទឹក។ កិច្ចសហប្រតិបត្តិការនេះកើតឡើងលើមូលដ្ឋានទំនាក់ទំនងការពារជាតិ ថាមពល និងសន្តិសុខដែលបានកសាងអស់ជាងមួយទសវត្សរ៍ចុងក្រោយ។

រដ្ឋមន្ត្រីការពារជាតិសាយប្រឺស លោក វ៉ាស៊ីលីស ប៉ាល់ម៉ាស (Vasilis Palmas) បានលើកឡើងថា ប្រទេសទាំងបីប្រឈមនឹង «ការគំរាមកំហែង» រួមពីប្រទេសតួកគីយ៉េ ហើយកិច្ចសហប្រតិបត្តិការនេះ រួមទាំងប្រព័ន្ធការពារអាកាស Achilles Shield រវាងក្រិក និងអ៊ីស្រាអ៊ែល គឺដើម្បីទប់ទល់នឹងហានិភ័យទាំងនោះ។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក ហាកាន ហ្វីដាន់ (Hakan Fidan) បានចេញមុខប្រឆាំងយ៉ាងខ្លាំងក្លា ដោយបញ្ជាក់ថា សមយុទ្ធយោធារវាងភាគីទាំងបី បង្កើតឱ្យមានរូបភាពហាក់បីដូចជាកំពុងតម្រង់ទិសដៅវាយប្រហារ ឬប្រឆាំងនឹងប្រទេសតួកគីយ៉េដោយផ្ទាល់។ លោកក៏បានព្រមានមិនឱ្យក្រិកក្លាយជា «ឧបករណ៍» សម្រាប់ភាគីដែលចង់បង្កអស្ថិរភាពក្នុងតំបន់។

អាជ្ញាធរទីក្រុងអង់ការ៉ា ក៏បានចោទប្រកាន់ភាគីសាយប្រឺសភាគខាងត្បូងថា កំពុងធ្វើសកម្មភាពដោយព្យាយាមបំពាក់អាវុធយ៉ាងគំហុក ដែលអំពើនេះកំពុងបំផ្លាញដល់ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល។

សមយុទ្ធនេះធ្វើឡើងក្នុងបរិបទភាពតានតឹងកាន់តែកើនឡើងរវាងតួកគីយ៉េ និងប្រទេសទាំងបីនៅសមុទ្រមេឌីទែរ៉ាណេខាងកើត និងសមុទ្រអេហ្គេ៕