ចិនប្រឆាំងខ្លាំង បន្ទាប់ពីសភាអាម៉េរិកអនុម័តច្បាប់ផ្តល់អំណាចឱ្យលោកត្រាំ ដំឡើងពន្ធ ១០០% លើប្រទេសទិញប្រេងពីរុស្ស៊ី

ប៉េកាំង ៖ ប្រទេសចិនបានចេញមុខប្រឆាំងយ៉ាងខ្លាំង បន្ទាប់ពីសភាអាម៉េរិកបានអនុម័តច្បាប់ថ្មី ដែលផ្តល់អំណាចឱ្យប្រធានាធិបតីដូណាល់ ត្រាំ ដំឡើងពន្ធរហូតដល់ ១០០% លើប្រទេសដែលទិញប្រេង និងឧស្ម័នពីរុស្ស៊ី។

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សភាតំណាងរាស្ត្រអាម៉េរិកបានអនុម័តច្បាប់ឈ្មោះ Lindsey O. Graham Sanctioning Russia and Iran Act of 2026 ដោយសំឡេង ២៦២ ប៉ះ ១៥៩។ ច្បាប់នេះបានឆ្លងកាត់ព្រឹទ្ធសភារួចហើយ ហើយឥឡូវនេះកំពុងរង់ចាំហត្ថលេខារបស់ប្រធានាធិបតីត្រាំ។

ច្បាប់នេះអនុញ្ញាតឱ្យប្រធានាធិបតីអាម៉េរិកដាក់ពន្ធរហូតដល់ ១០០% លើទំនិញនាំចូលពីប្រទេសដែលស្ថិតក្នុងចំណោម ៥ ប្រទេសធំជាងគេ ដែលទិញប្រេងឆៅ ឬឧស្ម័នធម្មជាតិពីរុស្ស៊ី។ ចិន និងឥណ្ឌា គឺជាអ្នកទិញធំបំផុតពីររបស់រុស្ស៊ី ក្នុងចំណោមប្រទេសដែលអាចរងផលប៉ះពាល់។

នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖ចិនប្រឆាំងយ៉ាងខ្លាំងនឹងការអនុវត្តច្បាប់ឆ្លងព្រំដែន (long-arm jurisdiction) ដែលគ្មានមូលដ្ឋានក្នុងច្បាប់អន្តរជាតិ និងមិនទទួលការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ចិនជាមួយប្រទេសនានាគឺផ្អែកលើសមភាព និងផលប្រយោជន៍ទៅវិញទៅមក មិនដាក់គោលដៅលើភាគីទីបីណាមួយឡើយ ហើយមិនគួរត្រូវបានរំខាន ឬដាក់សម្ពាធដោយភាគីទីបីឡើយ។

ច្បាប់នេះមានគោលបំណងកាត់បន្ថយចំណូលថាមពលរបស់រុស្ស៊ី ដើម្បីធ្វើឱ្យខូចខាតដល់សមត្ថភាពហិរញ្ញវត្ថុក្នុងសង្គ្រាមអ៊ុយក្រែន។ វាក៏មានទណ្ឌកម្មផ្ទាល់លើមន្ត្រី និងក្រុមហ៊ុនរុស្ស៊ី ព្រមទាំងពង្រីកទណ្ឌកម្មលើអ៊ីរ៉ង់ផងដែរ។

ការប្រឆាំងរបស់ចិនកើតឡើងនៅពេលដែលប្រធានាធិបតីស៊ី ជីនពីង ត្រូវបានរំពឹងថានឹងទៅទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីជួបប្រធានាធិបតីត្រាំ។

បច្ចុប្បន្ន ច្បាប់នេះមិនទាន់ចូលជាធរមានភ្លាមៗទេ ព្រោះវាផ្តល់អំណាចសម្រេចចិត្តដល់ប្រធានាធិបតីត្រាំក្នុងការដាក់ពន្ធ។ ប្រសិនបើត្រូវបានប្រើប្រាស់ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មរវាងអាម៉េរិក-ចិន និងអាម៉េរិក-ឥណ្ឌា។