អ្នកនាំពាក្យក្រសួងការងារ៖ ករណីកម្មករនិយោជិតរោងចក្រ ហ្គោ វីន ឡៃធីង ត្រូវបានដោះស្រាយបញ្ចប់ ខណៈកម្មករចូលធ្វើការជាធម្មតាវិញនៅថ្ងៃនេះ

ស្វាយរៀង៖កម្មករនិយោជិត និងភាគីរោងចក្រ ហ្គោ វីន ឡៃធីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានឈានដល់ការព្រមព្រៀងគ្នា បន្ទាប់ពីមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីជំនាញ លើលក្ខខណ្ឌការងារចំនួន ៣ ចំណុច ដែលកម្មករនិយោជិតមួយចំនួនទាមទារ ខណៈកម្មករនិយោជិតចូលបំពេញការងារជាធម្មតាវិញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ករណីនេះមានកម្មករនិយោជិតចំនួន ៣៨ នាក់ ក្នុងចំណោមកម្មករសរុបចំនួន ៣០៦ នាក់ បានធ្វើកូដកម្ម ដោយលើកឡើងនូវសំណើពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសំដីរបស់អ្នកបកប្រែ ការធ្វើការថែមម៉ោង និងការទទួលស្គាល់លិខិតបញ្ជាក់ពីមន្ទីរពេទ្យសម្រាប់ការសុំច្បាប់ឈឺ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា តាមរយៈការសម្របសម្រួលរបស់ភាគីពាក់ព័ន្ធ បញ្ហាទាំង ៣ ចំណុចត្រូវបានដោះស្រាយដោយការព្រមព្រៀងគ្នា ដែលអាចឱ្យកម្មករនិយោជិត និងនិយោជកបន្តទំនាក់ទំនងការងារដោយសន្តិវិធី និងមានការយោគយល់គ្នាទៅវិញទៅមក។

លោកបន្តថា៖ «ការដោះស្រាយវិវាទការងារ គឺត្រូវផ្អែកលើការពិភាក្សា ការយោគយល់ និងការសម្របសម្រួលរវាងភាគីទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន និងធានាបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។ ករណីនេះ ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ហើយកម្មករនិយោជិតនឹងវិលចូលធ្វើការងារជាធម្មតាវិញ»។

តាមលទ្ធផលនៃការផ្សះផ្សា បងប្អូនកម្មករនិយោជិតបានសន្យាថា នឹងវិលចូលបម្រើការងារជាធម្មតាវិញ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពួកគាត់បានចូលរួមដោះស្រាយដោយសន្តិវិធី និងបានពិភាក្សាយ៉ាងជិតស្និទ្ធ ដែលវាគឺជាមូលដ្ឋានសំខាន់ក្នុងការរក្សាបាននូវបរិយាកាសការងារល្អ និងបន្តផលិតកម្មដោយរលូន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស៊ុន មេសា៕