ព្រលានសុវណ្ណភូមិច្របូកច្របល់ វ៉ាលីជាង ៥,០០០ កាបូបជាប់គាំង

បាងកក ៖ ព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ កំពុងប្រឈមនឹងវិបត្តិវ៉ាលីធ្ងន់ធ្ងរ បន្ទាប់ពីទឹកជំនន់នៅទីក្រុងបាងកក និងតំបន់ជុំវិញ រាំងស្ទះការងាររបស់បុគ្គលិកដឹកជញ្ជូនវ៉ាលីរបស់ក្រុមហ៊ុន Thai Airways។

យោងតាមសេចក្តីប្រកាសរបស់ Thai Airways កាលពីថ្ងៃទី២៩ ខែកញ្ញា វ៉ាលីប្រមាណ ៥,០០០ ទៅ ៥,៦០០ កាបូប ពីជើងហោះហើរចំនួន ៥២ (ថ្ងៃទី២៦–២៧ កញ្ញា) នៅតែជាប់គាំងនៅព្រលាន។ អ្នកដំណើរជាច្រើនត្រូវរង់ចាំរហូតដល់ ៥–៦ ម៉ោង ដើម្បីទទួលវ៉ាលី ខណៈអ្នកខ្លះត្រូវចាកចេញទៅសណ្ឋាគារ ឬផ្ទះដោយគ្មានវ៉ាលី។

ទឹកជំនន់កម្រិតខ្ពស់នៅតំបន់ភាគខាងកើតបាងកក ធ្វើឱ្យបុគ្គលិកដឹកជញ្ជូនវ៉ាលីភាគច្រើនមិនអាចមកធ្វើការបាន។ ទោះបីជាព្រលាននៅតែបើកដំណើរការធម្មតាក៏ដោយ ការដឹកវ៉ាលីពីយន្តហោះទៅកាន់ខ្សែក្រវ៉ាត់ត្រូវបានរាំងស្ទះយ៉ាងខ្លាំង។ Thai Airways ក៏ទទួលបន្ទុកដឹកជញ្ជូនវ៉ាលីសម្រាប់ក្រុមហ៊ុនដៃគូផងដែរ ដែលធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។

លោក Chai Eamsiri ប្រធាននាយកប្រតិបត្តិ Thai Airways បានសុំទោសជាសាធារណៈចំពោះអ្នកដំណើរដែលរងផលប៉ះពាល់ ហើយសន្យាថានឹងសម្អាតវ៉ាលីអស់ក្នុងរយៈពេល ៧២ ម៉ោង។ ក្រុមហ៊ុនបានកាត់បន្ថយជើងហោះហើរ ៣០–៤០ ភាគរយ និងលុបចោលជើងហោះហើរមួយចំនួន ដើម្បីស្តារស្ថានភាព។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Surasak Phancharoenworakul បានចុះទៅពិនិត្យផ្ទាល់នៅព្រលាន ហើយរិះគន់ Thai Airways ថាការគ្រប់គ្រងមិនល្អ កំពុងប៉ះពាល់ដល់រូបភាពទេសចរណ៍ថៃ។ រដ្ឋាភិបាលបានដាក់កងទ័ពអាកាស និងកងទ័ពប្រមាណជាង ១០០ នាក់ ជួយដឹក និងចែកចាយវ៉ាលីទៅសណ្ឋាគារ និងផ្ទះអ្នកដំណើរ។

អ្នកដំណើរដែលវ៉ាលីនៅជាប់គាំង ត្រូវបានណែនាំឱ្យចុះឈ្មោះតាមប្រព័ន្ធ QR Code របស់ Thai Airways ដើម្បីឱ្យដឹកវ៉ាលីទៅអាសយដ្ឋានដែលបានផ្តល់។

ស្ថានភាពនេះនៅតែបន្ត និងប៉ះពាល់ដល់អ្នកដំណើរទាំងអ្នកទៅ និងអ្នកមកថៃ ជាពិសេសក្នុងរយៈពេលបុណ្យបច្ចុប្បន្ន។