កំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បាននិងកំពុងបន្តចុះបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការពារដីព្រៃរបស់រដ្ឋ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ»។
ជាក់ស្ដែង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការបង្ក្រាបការបោះបង្គោលហ៊ុំព័ទ្ធលើដីដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធ (មិនជួបម្ចាស់) នៅចំណុចភូមិក្រាំងចេក ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតបង្គោលរបងឈើចំនួន ៥២ បង្គោល និងដំណាំចេកចំនួន ៤១ ដើម លើផ្ទៃដីទំហំ ០,៣០ ហិកតា ដែលប្រព្រឹត្តដោយអញ្ញាតជន។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធីក្រមបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិសរុប ៣៩ ករណី ក្នុងនោះ៖
១. បោះបង្គោលហ៊ុំព័ទ្ធ ដើម្បីយកដីធ្វើជាកម្មសិទ្ធ ២៨ ករណី ដកហូតផ្ទៃដីប្រមាណ ១៨,៥៣ ហិកតា
២. កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ៥ ករណី ដកហូតផ្ទៃដីប្រមាណ ២,៥១ ហិកតា
៣. ដាក់អន្ទាក់សត្វព្រៃ ១ ករណី ដកហូតអន្ទាក់ចំនួន ១៥ ខ្សែ (មានសត្វស្វាងាប់ ១ ក្បាល)
៤. កាប់រំលំ បំផ្លាញព្រៃឈើ ២ ករណី ដកហូតឈើប្រភេទលេខ២ (ស្រល់) ៦ ដើម
៥. រុករានទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ២ ករណី។
ការបង្ក្រាបបទល្មើសទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់មន្ត្រីឧទ្យានុរក្សក្នុងការពារធនធានធម្មជាតិ និងដីព្រៃរបស់រដ្ឋ ក្នុងឧទ្យានជាតិគិរីរម្យ៕
