សត្វដំរីព្រៃពីរក្បាលត្រូវបានជួយសង្គ្រោះជោគជ័យ ក្រោយធ្លាក់ចូលស្រះទឹកនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ សត្វដំរីព្រៃចំនួនពីរក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្រោយពីធ្លាក់ចូលស្រះទឹកមួយកន្លែង នៅចំណុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។

យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្ស មន្ត្រីប៉ុស្តិ៍នគរបាលសែនមនោរម្យ លោកមេភូមិ សមាជិកសហគមន៍ចុងរ៉ាង និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ បានរួមគ្នាជួយសង្គ្រោះសត្វដំរីព្រៃទាំងពីរក្បាល (ក្នុងនោះមានញីមួយក្បាល) ឱ្យរួចផុតពីស្រះទឹក ហើយត្រឡប់ចូលព្រៃវិញដោយសុវត្ថិភាព។

ប្រតិបត្តិការជួយសង្គ្រោះនេះ ត្រូវបានធ្វើឡើងដោយប្រើកម្លាំងជីកដោយដៃ ដែលចំណាយពេលជាង ៤ ម៉ោង ទើបសម្រេចបានជោគជ័យ។

ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា ការជួយសង្គ្រោះសត្វព្រៃដែលជួបគ្រោះថ្នាក់ បែបនេះ គឺជាការរួមចំណែកសំខាន់ក្នុងការអភិរក្សជីវចម្រុះ និងការការពារសត្វដំរីព្រៃនៅតំបន់ខេត្តមណ្ឌលគិរី។