ក្រពើភ្នំ (Siamese crocodile) ជាប្រភេទសត្វជិតផុតពូជបំផុតមួយនៅលើពិភពលោក ហើយកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលនៅមានប្រជុំក្រពើភ្នំរស់នៅក្នុងធម្មជាតិ។
បច្ចុប្បន្ន បឹងវាលវែង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានក្លាយជាផ្ទះរបស់ក្រពើភ្នំច្រើនជាងគេបំផុតក្នុងពិភពលោក។
ហេតុអ្វីយើងត្រូវការពារក្រពើភ្នំ?
១/វាជាមិត្តរបស់មនុស្ស មិនមែនជាសត្រូវទេ ក្រពើភ្នំមានចរិតស្ងប់ស្ងាត់ មិនកាចសាហាវ ហើយមិនវាយប្រហារមនុស្សឡើយ។ វាចូលចិត្តគេចពីមនុស្សជាងការប្រឈមមុខ។
២/វាជាអ្នកថែរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ក្នុងនាមជាសត្វស៊ីសាច់ ក្រពើភ្នំជួយគ្រប់គ្រងចំនួនត្រី និងសត្វទឹកផ្សេងៗ មិនឲ្យកើនឡើងហួសប្រមាណ ដែលធ្វើឲ្យខ្សែចង្វាក់អាហារក្នុងទឹកនៅមានតុល្យភាព និងមានសុខភាពល្អ។
៣/ការពារក្រពើ គឺជាការពារប្រភពទឹករបស់យើង ក្រពើភ្នំបង្កើតជម្រកទឹកក្នុងរដូវប្រាំង ដែលសត្វព្រៃជាច្រើនប្រភេទពឹងផ្អែក។ ការការពារក្រពើ ស្មើនឹងការការពារប្រភពទឹក ដែលសត្វព្រៃ និងមនុស្សរាប់ពាន់នាក់ពឹងផ្អែក។
៤/ ប្រសិនបើយើងបាត់បង់វា វានឹងបាត់ជារៀងរហូត ក្រពើភ្នំធ្លាប់រស់នៅទូទាំងអាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្នបានបាត់ពីជម្រកដើមជាច្រើនហើយ។ ការបាត់បង់ជម្រក ការបរបាញ់ខុសច្បាប់ និងការទន្ទ្រានយកបឹង គឺជាការគំរាមកំហែងចម្បង។
តំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ បឹងវាលវែង ទំហំ ៣១៥,១១ ហិកតា គឺជាជម្រកពងកូនរបស់ក្រពើភ្នំធំជាងគេបំផុតក្នុងពិភពលោក មានវត្តមានប្រមាណជាង ៤០ ក្បាល។
ក្រពើភ្នំ ជាមោទនភាពរបស់ប្រជាជនខ្មែរ។ ការការពារវា មិនត្រឹមតែជាការរក្សាប្រភេទសត្វជិតផុតពូជប៉ុណ្ណោះទេ ប៉ុន្តែជាការរក្សាតុល្យភាពអេកូឡូស៊ី និងប្រភពទឹកសម្រាប់ជំនាន់ក្រោយ៕
