កំពង់ឆ្នាំង៖ ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ» បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ វត្តមានចូលរួមក៏មាន ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មន្ត្រីរាជការស្ថាប័នជុំវិញខេត្ត កងកម្លាំងទាំងបី សិស្សានុសិស្ស និងក្រុមកីឡាករ-កីឡាការីនីយ៉ាងច្រើនកុះករ។
ដំណើររត់ភ្លើងគប់មានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីសួនរង្វង់មូលឆ្នាំង ស្ថិតក្នុងស្រុករលាប្អៀរ ឆ្ពោះទៅសួនវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង។
ពិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតីកីឡា និងពង្រឹងឯកភាពជាតិ តាមរយៈប្រធានបទ «កីឡាដើម្បីឯកភាពជាតិ» ស្របតាមការរៀបចំកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦។
