ស្វាយរៀង៖ ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំង Online Scams ដែលត្រូវបានបិទនៅក្រុងបាវិត
ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិន បានចុះពិនិត្យទីតាំងដែលធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតំបន់ OP ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីទីតាំងនេះត្រូវបានអាជ្ញាធរចាត់វិធានការបិទកន្លងមក។
ក្នុងដំណើរចុះពិនិត្យនេះ ក្រុមការងារចិនបានពិនិត្យស្ថានភាពជាក់ស្តែងនៃអគារទាំងអស់នៅក្នុងបរិវេណទីតាំងខាងលើ ដើម្បីស្វែងយល់ពីស្ថានភាពទីតាំងដែលពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ។ ដំណើរនេះមានការសម្របសម្រួលពីអាជ្ញាធរខេត្តស្វាយរៀង និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមានការដឹកនាំនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្ត។
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានសម្របសម្រួលដំណើរចុះពិនិត្យនេះ ដោយមានការចូលរួមពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោក ឡុច សុខលៀង ប្រធានក្រុមការងារប្រតិបត្តិការ និងនីតិវិធីនៃលេខាធិការដ្ឋាន គ.ប.ឆ.ប. និងមន្ត្រីនគរបាល កងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរក្រុងបាវិត។
បើតាមព័ត៌មាន ដំណើរចុះពិនិត្យនេះធ្វើឡើងតាមសំណើរបស់ក្រុមការងារក្រសួងសន្តិសុខសាធារណៈចិនប្រចាំកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
ការចុះពិនិត្យនេះជាផ្នែកមួយនៃកិច្ចសហការរវាងកម្ពុជា និងចិន ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាបទល្មើសឆ្លងដែនតម្រូវឱ្យមានការសហការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ៕
