សិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ត្រូវបានរៀបចំនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ខេត្ត និងពង្រឹងយន្តការការពារកុមារពីអំពើហិង្សា។