ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានរៀបចំពិធីបិទបញ្ចប់ការអនុវត្តគម្រោងមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ស្តីពី «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ បន្ទាប់ពីការអនុវត្តគម្រោងស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)»។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតំណាងឯកឧត្តមអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធជាច្រើនរូប។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបូកសរុបលទ្ធផល និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកន្លងមក ព្រមទាំងបន្តពង្រឹងយន្តការ និងសមត្ថភាពក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភ្លៃ ដែលជាបញ្ហាប្រឈមរួមក្នុងយុគសម័យឌីជីថល។
តាមរយៈគម្រោងនេះ ក្រសួងព័ត៌មានបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ជ្រាបការយល់ដឹង និងបង្កើនជំនាញដល់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជន ឱ្យចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយ ឬចែករំលែកបន្ត ដើម្បីធានាបាននូវសុក្រឹតភាព ក្រមសីលធម៌វិជ្ជាជីវៈ និងសន្តិសុខព័ត៌មាននៅក្នុងសង្គម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រោមឥទ្ធិពលនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ព័ត៌មានកំពុងធ្វើដំណើរលឿនជាងពេលណាៗទាំងអស់។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយមិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេស ឬជាបញ្ហារបស់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដោយផ្ទាល់ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ទំនុកចិត្តលើស្ថាប័ន សាមគ្គីភាព សន្តិសុខ និងស្ថិរភាពសង្គម។ ដូច្នេះ ការការពារសុចរិតភាពព័ត៌មាន គឺជាការការពារផលប្រយោជន៍សាធារណៈ និងជាភារកិច្ចរួមដែលគ្រប់ភាគីត្រូវបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ពិធីបិទបញ្ចប់គម្រោងនាពេលនេះ មិនមែនជាការបញ្ចប់សកម្មភាពការងារនោះទេ ប៉ុន្តែជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រពី «ការឆ្លើយតបតាមកាលៈទេសៈ» ទៅជា «ការគ្រប់គ្រងហានិភ័យព័ត៌មានបែបបុរេសកម្ម»។ ក្នុងន័យនេះ ក្រសួងព័ត៌មានបាននិងកំពុងកសាងប្រព័ន្ធ និងយន្តការគ្រប់គ្រងព័ត៌មានដែលមានសមត្ថភាពខ្ពស់ក្នុងការបង្ការ កំណត់មុខសញ្ញា ផ្ទៀងផ្ទាត់ និងឆ្លើយតបបានទាន់ពេលវេលា ដើម្បីកសាងសង្គមមួយដែលមានភាពធន់នឹងព័ត៌មានក្លែងក្លាយ។
ក្នុងនាមក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ធ្វើឱ្យគម្រោងដំណាក់កាលទី២ ដែលជាការបន្តវេនពីភាពជោគជ័យនៃគម្រោងដំណាក់កាលមុននេះ ទទួលបានជោគជ័យ និងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបរិយាកាសព័ត៌មានប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់មេគង្គ-ឡានឆាង៕
