មនុស្ស ២០នាក់រងរបួស និងរថយន្ត ៣គ្រឿងរងការខូចខាតក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ខណៈរថយន្តដឹកដីមួយគ្រឿងបានរេចង្កូតបុករះបណ្ដាលឱ្យរថយន្ត ៣គ្រឿងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ១៦ និង ៣២នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រ ១៦-១៧ ស្ថិតនៅចំណុចភូមិខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកដីម៉ាក Nissan ពណ៌ស ស្លាកលេខចង្កូតស្ដាំ KDL-1399 បើកបរពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចកើតហេតុបានរេចង្កូតបុករថយន្តមួយគ្រឿងម៉ាក LEXUS HS250H ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BV-3910 បន្ទាប់មកបន្តរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ISUZU ប្រភេទក្រឡុកស៊ីម៉ង់ ស្លាកលេខភ្នំពេញ 5A-0086 រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាក Nissan ពណ៌សគ្មានពាក់ស្លាកលេខ ដែលដឹកកម្មកររោងចក្រពេញចេញពីធ្វើការរោងចក្រ។

ពាក់ព័ន្ធហេតុការណ៍នេះ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ផ្ដើមចេញមកពីរថយន្តដឹកដីស្លាកលេខចង្កូតស្ដាំ KDL-1399 បើកបរដោយឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិតុងរ៉ុង ឃុំតុងរ៉ង ស្រុកកំពង់ចាម ខេត្តកំពង់ចាម។ អ្នកបើកបរមិនបានបន្ថយល្បឿន និងមានការឆ្វេសប្រហែសលើការបើកបរ បណ្ដាលឱ្យបង្កការខូចខាតសម្ភារៈទ្រព្យសម្បត្តិរថយន្ត ៤គ្រឿង និងរបួសមនុស្ស ២០នាក់ (ស្រី ១៦នាក់) ដែលកំពុងសង្គ្រោះបន្ទាន់។

ចំណែករថយន្តបង្កបាន និងរក្សាទុកនៅអធិការដ្ឋាន ដើម្បីរងចាំការដោះស្រាយពេលក្រោយ។