កំពង់ចាម: ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកស្ទឹងត្រង់ រួមជាមួយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋភៀសសឹក បងប្អូនប្រជាពលករ និងក្រុមគ្រួសារយោធិននៅក្នុងស្រុកស្ទឹងត្រង់ ចំនួន ៣៣២គ្រួសារ ដែលរួមមានជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវម៉ូតូហុងដាឌ្រីម ឆ្នាំ២០២៥ ចំនួន ១គ្រឿង រួមជាមួយនឹងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ជួរមុខ ដែលបានពលី ក្នុងសមរភូមិការពារបូរណភាពដែនដី ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងពិធីដ៏សែនមានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីលោកជំទាវតំណាងរាស្រ្ត, ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត, លោកប្រធានក្រុមប្រឹក្សាស្រុកស្ទឹងត្រង់, លោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់ ព្រមទាំងបងប្អូន លោកពូ អ្នកមីង លោកយាយយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងគោរពដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជាក្នុងការការពារបូរណភាពទឹកដីតាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ សូមមានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាល ដែលតែងតែនៅជាមួយបងប្អូន គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល។

