ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុង Tianjin នៅភាគខាងជើងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO

តាមការចេញផ្សាយដោយ  AFP នាថ្ងៃអាទិត្យ ទី៣១ ខែសីហា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុង Tianjin នៅភាគខាងជើងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពហុភាគីមួយ ដែលរៀបចំដោយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ហើយមានការចូលរួមពីមេដឹកនាំបរទេសជាង២០រូបផ្សេងទៀត។

កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO នឹងប្រព្រឹត្តទៅដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ប៉ុន្មានថ្ងៃមុនពេលចិនរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំ នៅរដ្ឋធានីប៉េកាំង សម្រាប់ឱកាសខួបទី៨០ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២ ហើយលោក ពូទីន ក៏នឹងវត្តមានក្នុងពិធីនោះផងដែរ។

គួរបញ្ជាក់ថា អង្គការ SCO ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១ ក្នុងចំណោមប្រទេសចំនួន៦ប៉ុណ្ណោះ ប៉ុន្តែឥឡូវប្លុកមួយនេះ បានពង្រីកខ្លួនដល់មានសមាជិកអចិន្រ្តៃយ៍១០ប្រទេស រួមជាមួយប្រទេសដៃគូសន្ទនានិងសង្កេតការណ៍​សរុបចំនួន១៦ផ្សេងទៀត ក្នុងពេលត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយ។ ការផ្តោតសំខាន់នៃ SCO ក៏បានពង្រីកចេញពីបញ្ហាសន្តិសុខ និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម មកដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងយោធា ថែមទៀតផង៕

AFP