អន្តរជាតិ៖ ទីផ្សារប្រេងអន្តរជាតិបន្តមានការប្រែប្រួលខ្លាំងក្លា ដោយតម្លៃប្រេងបានកើនឡើងខ្លាំង រួចធ្លាក់ចុះវិញមកនៅក្រោម ១០០ ដុល្លារ ក្នុងមួយបារ៉ែល សម្រាប់ការជួញដូរនៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦។
ការធ្លាក់ចុះនេះ គេសង្កេតឃើញថាមកពីសុទិដ្ឋិ និយមរបស់ទីផ្សារ ដែលជឿថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងឈានដល់ទីបញ្ចប់នៅពេលឆាប់ៗនេះ បន្ទាប់ពីបទឈប់បាញ់រយៈពេល ១០ ថ្ងៃ រវាងលីបង់ និងអ៊ីស្រាអែល បានចូលជាធរមាន។ លើសពីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងរៀបចំជួបគ្នាដើម្បីចរចានៅចុងសប្តាហ៍នេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១,៣៤ ដុល្លារ ឬ ១,៣៥% មកនៅត្រឹម ៩៨,០៥ ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងជិត ៨កន្លះព្រឹកនៅទីក្រុងហុងកុង។ ដូចគ្នានេះ តម្លៃប្រេងឆៅអាមេរិកម៉ាក WTI ក៏ធ្លាក់ចុះ ១,៦៥ ដុល្លារ ឬ ១,៧៤% មកនៅត្រឹម ៩៣,៤០ ដុល្លារ ក្នុងមួយបារ៉ែល។
ទោះបីយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ តម្លៃ Brent បានកើនឡើងប្រមាណ ៤,៧% នៅពេលបិទការជួញដូរ។
លោកត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងឈានជិតដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះ ដោយកត់សម្គាល់ថា អ៊ីរ៉ង់បានស្នើមិនធ្វើកម្មវិធីនុយក្លេអ៊ែររយៈពេលជាង ២០ ឆ្នាំ។ នេះត្រូវបានគេមើលឃើញថាជាសញ្ញានៃភាពស្រាកស្រាន្តជម្លោះដ៏សំខាន់ ដែលធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ បន្ទាប់ពីបានកើនឡើងជាង ៥០% កាលពីខែមីនា ដោយសារការបិទច្រកសមុទ្រ ហ័រមូហ្ស។
ទោះយ៉ាងណា វិនិយោគិននៅតែបង្ហាញការប្រុងប្រយ័ត្នខ្ពស់ ដោយសារភាពស្រពេចស្រពិលនៃស្ថានការណ៍ និងថា ភាពស្រាកស្រាន្តនៃជម្លោះនេះអាចជាតែបណ្តោះអាសន្នប៉ុណ្ណោះ។ ហានិភ័យលើការផ្គត់ផ្គង់ប្រេងនៅតែមានកម្រិតខ្ពស់។
(ប្រភព៖ Reuters)
