កំពង់ឆ្នាំង÷ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចែកអំណោយជូនដល់គ្រួសារកងទ័ពជួរមុខ គ្រួសារភៀសសឹក និងគ្រួសារងាយរងហានិភ័យ ចំនួន១៥០គ្រួសារ ស្ថិតនៅវត្តព្រៃមូល ស្ថិតក្នុងភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត ព្រមទាំងមានការនិមន្តចូលរួមពីព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្ត នារាម ហៅវត្តតាសុត រួមនិងអាជ្ញាធរមូលដ្ធានផងដែរ ។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានបញ្ជាក់ថាអំឡុងពេលនៃការឈ្លានពានពីកងទ័ព ថៃ នៅក្នុងមូលដ្ធានស្រុកក៍មានជនភៀសសឹកបានមកស្នាក់នៅតាមមូលដ្ធានភូមិ ឃុំមួយចំនួន ហើយត្រូវបានការយកចិត្តទុកដាក់យ៉ាងយកចិត្តទុកដាក់ពីក្រុមការងារ ជាក់ស្តែងគិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះក្នុងស្រុករលាប្អៀរមានគ្រួសារជនភៀសសឹកស្នាក់នៅមានចំនួន ៥៦៥ គ្រួសារ ស្មើនិង១៨៥៣នាក់ និងគ្រួសារយោធិន សមរភូមិមុខមានចំនួន១៧១គ្រួសារ ។
ដោយឡែកការចែកជូនអំណោយពេលនេះមានគ្រួសារយោធិនសមរភូមិមុខ គ្រួសារភៀសសឹក និងគ្រួសាររងហានិភ័យមកពីឃុំព្រៃមូល និងឃុំជើងគ្រាវសរុបចំនួន១៥០គ្រួសារ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ពុកម៉ែ អ៊ំពូមីង បងប្អូន ជាពិសេសក្នុងកាលៈទេសៈដែលត្រូវភៀសសឹក ចាកចោលពីផ្ទះសម្បែងបែបនេះ។
ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈដ៏ លំបាកនេះស្មារតីរួមសាមគ្គី “ខ្មែរតែមួយ” ជួយគ្នាក្នុង គ្រាអាសន្ន កំពុងផុសផុលឡើងធ្វើឱ្យប្រជាជនកម្ពុជាយើងរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារៈ ប្រើប្រាស់ជូនដល់វីរៈកងទ័ព ដែលកំពុង ឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ពនិងគ្រួសាររភៀសសឹក។ សម្ភារៈទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក ដែលបងប្អូនកំពុង ប្រឈម និងអាចជួយបន្តរូបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាបណ្តោះអាសន្នបានមួយចំណែក។
ឯកឧត្តមបណ្ឌិតក៍បានសុំអោយបងប្អូនត្រូវថែទាំសុខភាពអោយបានល្អ ដោយរស់នៅស្អាត ហូបស្អាតជានិច្ច ។

ចុងបញ្ចប់ឯកឧត្តមបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវបានអញ្ជើញចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ធទាំង១៥០គ្រួសារផងដែរ ។