ប្រជានេសាទប្រគល់ត្រីរាជ ទម្ងន់ ៦៣គីឡូក្រាម ជូនខណ្ដរដ្ឋបាលជលផលកំពង់ចាម លែងចូលទន្លេវិញ

កំពង់ចាម : ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជ ទម្ងន់ ៦៣គីឡូក្រាម ចូលក្នុងទន្លេវិញ ក្រោយទទួលបានព័ត៌មានពីប្រជានេសាទ ដោយនេសាទត្រីនេះបាននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។

មន្ត្រីជលផល បានឲ្យដឹងថា នៅវេលាម៉ោង ១០ និង៣០នាទី ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួល ព័ត៌មានពីប្រជានេសាទ ដែលបាន នេសាទបានត្រីរាជ ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងបានចុះពិនិត្យ ព្រមទាំងបានផ្តល់ព័ត៌មានទៅរដ្ឋបាលជលផល។

បន្ទាប់មក ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គអធិការដ្ឋានរដ្ឋ បាលជលផលមេគង្គ ខណ្ឌរដ្ឋជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស អាជ្ញាធរ ឃុំរកាគយ និងប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំរកាគយ បានចុះពិនិត្យ និងកំណត់ទិន្នន័យដូចខាងក្រោមឃើញថាត្រីរាជ ភេទ ញី មានប្រវែង ១៨៦សង់ទី ម៉ែត្រមានទម្ងន់សរុប ៦៣គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ។

ទន្ទឹមនឹងនេះដែរ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជល ផល នៅពេលនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បីលែងចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទកម្រទាំងនេះឱ្យបានគង់វង្សតទៅ។