បាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងបាននាំយកនូវថវិកាមួយចំនួនប្រគល់ជូនយោធភូមិភាគទី៥។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិ ភាគទី៥, ឯកឧត្តមមេបញ្ជាការរងយោធភូមិភាគ ទី៥, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តបាត់ដំបង និងឯកឧត្ដម ជាថ្នាក់ដឹកនាំក្នុងវិស័យយុត្តិធម៌។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងក្រុមការងារ ដែលតែងតែជួយគាំទ្រទាំងសម្ភារៈ និងថវិកាជូនដល់យោធភូមិភាគទី៥។ ទន្ទឹមនេះ, ឯកឧត្តម ឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការងនាយសេនាធិការយោធភូមិភាគទី៥ ក៏បានរាយការណ៍ផងដែរអំពីស្ថានភាពនៃសមរភូមិនៅតាមបណ្តោយព្រំដែនកម្ពុជាស្ថិតនៅយោធភូមិភាគទី៥។
មានប្រសាសន៍នៅក្នុងពិធីនេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោតសរសើរ វាយតម្លៃខ្ពស់ និងដឹងគុណចំពោះវីរភាពរបស់វីរកងទ័ពកម្ពុជាទាំងអស់ ដែលបានប្តេជ្ញាចិត្តដ៏មោះមុត និងអង់អាចក្លាហាន ក្នុងការធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការគាំទ្រ និងជួយជ្រោមជ្រែងសមរភូមិមុខពីសំណាក់សមរភូមិក្រោយ ក្នុងស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ សំដៅការពារឱ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
