កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកឧត្តមសេនីយ៍មេបញ្ជានការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អភិបាលស្រុករលាប្អៀរ និងក្រុមការងារ បានចុះសួរសុខទុក្ខដល់វីរៈកងទ័ព លោកអនុសេនីយ៍ត្រី ហេង លីហួ ដែលឈរជើងនៅទិសប្រាសាទព្រះវិហារ ព្រមទាំងក្រុមគ្រួសារ បន្ទាប់ពីរងគ្រោះដោយខ្យល់កន្ត្រាក់បើកដំបូលផ្ទះទាំងស្រុងកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦ បណ្តាលឱ្យរបើកដំបូលផ្ទះរងការខូចខាត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការគាំទ្រពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់វីរៈកងទ័ព និងក្រុមគ្រួសារ។ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធជួយ សម្រួល និងគាំទ្រជាបន្ទាន់ដល់ក្រុមគ្រួសាររងគ្រោះ ដើម្បីឱ្យអាចជួសជុលផ្ទះបានឆាប់រហ័ស។
លោកអនុសេនីយ៍ត្រី ហេង លីហួ បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចុះមកសួរសុខទុក្ខ និងផ្តល់ការគាំទ្រជាក់ស្តែងនៅពេលនេះ។
ការចុះសួរសុខទុក្ខនេះ បង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចំពោះវីរកងទ័ព និងប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ។
