ក្រោយលត់ Kasuka យ៉ាងចាស់ដៃ ៦-០ ភ្នំពេញក្រោន ឡើងវគ្គចែកពូល ACGL 2025/26

កាលពីយប់ថ្ងៃទី១២ ខែសីហាកន្លងទៅ ជំនួបវគ្គជម្រុះបឋម(Preliminary Stage) រវាងក្រុមទាំងពីរ បានធ្វើឡើងនៅពហុកីឡដ្ឋានជាតិប្រ៊ុយណេ ខណៈការប្រកួតបានធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅវគ្គចែកពូល នៃពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ីខាងលើ។

ជាលទ្ធផលក្រុមភ្នំពេញក្រោន របស់កម្ពុជា ធ្វើបានយ៉ាងល្អ ក្នុងការដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ រហូតរកបាន ៦គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ ឡុង ភារ៉ាត់ ២គ្រាប់ នៅនាទី២៧ និងនាទី៦៤, កីឡាករ Moses John Dyer រកបាន ២គ្រាប់ នៅនាទី៦៧ និងនាទី៩០+៤ និង ២គ្រាប់ទៀត ធ្វើសម្រេចដោយកីឡាករ សារ ទី នៅនាទី៧២ និងកីឡាករ Raul Feher នៅនាទីទី៨០។

ជ័យជម្នះនេះ នាំឲ្យក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៨ ភ្នំពេញក្រោន ក្លាយជាក្លិបបាល់ទាត់កម្ពុជាទី២ ដែលត្រូវលេងវគ្គចែកពូល នៃពានរង្វាន់ AFC Challenge League 2025/26 បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ដែលឈរចាំនៅវគ្គចែកពូលដោយស្វ័យប្រវត្តិ។ ចំពោះវគ្គចែកពូល សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) គ្រោងនឹងធ្វើការចាប់ឆ្នោតនាថ្ងៃទី២៨ ខែសីហាខាងមុខ៕