កម្មវិធី “ស្លាបសន្តិភាព” ការ​សម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបាន​ប្រារព្ធ​ធ្វើ ឡើងយ៉ាង ជោគជ័យ​នា​រាជធានី​ភ្នំពេញ

នៅរាត្រីថ្ងៃទី​១៨ ​ខែសីហា​កម្មវិធី​“ស្លាបសន្តិភាព”​ការសម្ដែង​សិល្បៈ​សន្តិភាព​កម្ពុជា-ចិន​ដែល សហការ​រៀបចំឡើង ដោយ​មជ្ឈមណ្ឌល​កម្មវិធី​ភាសា​តំបន់អាស៊ី​និង​អាហ្វ្រិក​នៃអគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​(CMG)​និង​សមាគមមិត្តភាពកម្ពុជា-ចិន​ត្រូវបាន​ប្រារព្ធធ្វើឡើង​យ៉ាងឱឡារិក​នៅរាជធានី​ភ្នំពេញ​។

លោក ឯក​ សំអុល​ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន​និង​លោក ហួត ​ហាក់​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​កម្ពុជា ​បាន​អញ្ជើញ​ចូលរួម​ជាគណៈអធិបតីក្នុងកម្មវិធីនេះ។

កម្មវិធី​នេះ​ក៏​បាន​ទាក់​ទាញ​មន្ត្រីរាជការ​​ អ្នក​តំណាងប្រព័ន្ធផ្សព្វផ្សាយ​សិស្សនិស្សិត​លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យ​មកពី​សាលាចិន​វិទ្យាស្ថានខុងជឺ​និងសមាជិកសភាពាណិជ្ជកម្មចិន​រួមទាំង​ភ្ញៀវជាតិ​ និងអន្តរជាតិ​មក​ពី​គ្រប់មជ្ឈដ្ឋានកម្ពុជា​ និង​ចិន​សរុបជាង​២០០នាក់​ឱ្យរួម​គ្នាអបអរ​កម្មវិធី​វប្បធម៌​ដ៏​អស្ចារ្យនេះផងដែរ។

ឆ្នាំនេះ គឺជាខួបលើកទី​៨០​នៃជ័យ​ជម្នះ សង្គ្រាម​ប្រឆាំងហ្វាស៊ីសនិយម​ពិភពលោក​ក៏​ដូច​ជា​ខួបលើកទី​៦៧​ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន​និង ​“ឆ្នាំ​ទេសចរណ៍​កម្ពុជា-ចិន”​ផង​ដែរ​។

ភាគីទាំងពីរ​បានប្រើប្រាស់​ទម្រង់​នៃ​ការសម្តែងសិល្បៈ​និងវប្បធម៌ ​ដើម្បីបង្ហាញពីទស្សនៈសន្តិភាព​​ពង្រឹងចំណង​មិត្តភាព​ រវាង​ប្រជាជន​ទាំងពីរ​និង​បន្ត​ពង្រឹងមូលដ្ឋានគ្រឹះ​នៃសាធារណៈមតិ​សម្រាប់​សហគមន៍​វាសនារួមកម្ពុជា-ចិន។

កម្មវិធីសម្តែង បានចាប់ផ្តើមជាមួយនឹងរ​បាំអប្សរា“អ្នកនាំសារសន្តិភាព”​ដែល​សម្តែង​ដោយសិស្ស​សាលារបាំនរោត្តមបុប្ផាទេវី​​ ដែល​កាយវិការ​រាំដ៏​ស្រស់ស្អាត​ បានបង្ហាញពីតម្លៃដ៏វិសេសវិសាល​និង​ក្តី​ប្រាថ្នា​ចំពោះ​សន្តិភាព​។​ បន្ទាប់មកមាន​ការ​សម្តែង​សិល្បៈគុនកុងហ្វូចិន​និង​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ដើម្បីបង្ហាញ​ពីទំនាក់ទំនង​ដ៏​អស្ចារ្យ​នៃ​សិល្បៈ​ក្បាច់​គុន។​ កម្មវិធី​ជា​បន្តបន្ទាប់​រួមមាន​បទចម្រៀង​“មនោសញ្ចេតនាកម្ពុជា-ចិន”​ការប្រគំពិណបុរាណចិន​បទ​“សំណើច​សមុទ្រឆាង”​និងការសូត្រកំណាព្យ​បទ​“សង្គ្រាមនិងសន្តិភាព”​ដែល​ទាំងអស់​នេះបានបង្ហាញពី​ភាពស្រស់ស្អាត​នៃវប្បធម៌ប្រពៃណី​និង​ការបង្ហាញ​មនោសញ្ចេតនា​យ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព​។​ របាំ​“ព្រាបសន្តិភាព”​របស់​ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញ​ពីអនាគតដ៏ស្រស់បំព្រង​ហើយចម្រៀង​បទ“សូមឱ្យពិភពលោក​ពោរពេញដោយក្តីស្រឡាញ់”​ដែល​ច្រៀងដោយ​សភាពាណិជ្ជកម្ម​ចិនប្រចាំនៅកម្ពុជា​បានធ្វើឱ្យ​កម្មវិធីទាំងមូល​រឹតតែឱឡារិក​បំផុត។

នៅក្នុង​កម្មវិធី​នេះ​ លោក​ហួត​ហាក់​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍កម្ពុជា​បាន​ថ្លែង​ថា ​សន្តិភាព​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ការ​អភិវឌ្ឍវិស័យ​ទេសចរណ៍​។ ប្រជាជន​កម្ពុជាស្រឡាញ់​និង​​ការពារ​សន្តិភាព​​និង​ឱ្យ​តម្លៃ​កាលានុវត្តភាព​អភិវឌ្ឍន៍​ដែល​នាំ​មក​ដោយ​សន្តិភាព​។​ ប្រទេស​កម្ពុជា​គឺ​ជាគោលដៅ​ទេសចរណ៍​អន្តរជាតិមួយ​ ដែល​ប្រកប​ដោយសុវត្ថិភាព​មេត្រីភាព​និង​មាន​ភាព​ទាក់ទាញ​។​ រយៈពេល​៧ខែដំបូង​នៃ​ឆ្នាំ​២០២៥​ ប្រទេស​កម្ពុជា​បាន​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៣លាន​៧សែន​១ម៉ឺន​នាក់​ដោយ​ក្នុង​នោះ​ ភ្ញៀវទេសចរ​ចិន​មាន​ប្រមាណ​៦៩ម៉ឺននាក់ ​កើន​ឡើង​៤៨.២​ភាគរយ​។ ប្រទេស​កម្ពុជា​ត្រដាង​“ស្លាប​សន្តិភាព​”​ អញ្ជើញ​មិត្តភក្តិ​ចិន​កាន់​តែ​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា ​​ដើម្បី​ស្វែងយល់​ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។

លោក​ ឯក ​សំអុល​ ប្រធានសមាគម​មិត្តភាពកម្ពុជា-ចិន​បាន​ថ្លែងសុន្ទរកថា​ ក្នុង​កម្មវិធីនេះថា​ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​៦៧​ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន​ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មានភាពរឹងមាំ​ និង ​ស្ថិត​ស្ថេរយូរអង្វែង​ហើយ​មនោសញ្ចេតនា​រវាង​ប្រជាជន​ក៏​មាន​ភាព​ស៊ីជម្រៅ។​

វប្បធម៌និង​សិល្បៈ​ គឺជាស្ពាន​មួយដែលដែលអាចឆ្លងផុតព្រំដែន ​យើង​បាន​រៀប​ចំ​កម្មវិធីសម្ដែងសិល្បៈនេះ​ ដើម្បី​ផ្សព្វផ្សាយទស្សនៈសន្តិភាព ​និង បង្ហាញពីស្មារតីប្រឆាំងសង្គ្រាម​ដែល​នេះ​មិន​ត្រឹម​តែ​ជាការ​រំលឹក​ដល់​ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ​ ថែម​ទាំង​ជា​ការ​បន្ត​និង​ពង្រឹង​មិត្ត​ភាព​ដ៏ជ្រាលជ្រៅ រវាងប្រទេសទាំងពីរ​ព្រម​ទាំង​ជា​សេចក្តី​ប្រកាស​ដ៏ម៉ឹងម៉ាត់​អំពី​តម្លៃ​សន្តិភាព ដែលប្រជាជនប្រទេសទាំងពីរ រួមគ្នាការពារផងដែរ។

“សន្តិភាព” គឺ​ជា​បំណងប្រាថ្នាដ៏យូរអង្វែងបំផុ​តរបស់មនុស្សជាតិ”។​ក្រោមការដឹកនាំរបស់ពិធីករ​កម្មវិធី​ “ស្លាបសន្តិភាព”​ដែលបណ្ដាក់គ្នានូវ​កាយវិការដៃទូទាំងពិភពលោក​ត្រូវ​បានចាប់ផ្តើមនៅទីតាំងនេះ។​ ភ្ញៀវកិត្តិយសជាង​២០០​នាក់ ដែល​បាន​ចូលរួមក្នុងកម្មវិធី​បាន​ធ្វើ​កាយ​វិការ​ដៃ​“ស្លាបសន្តិភាព”​នេះរួមគ្នា​ដើម្បីបង្ហាញនូវ​“ការរលាស់ស្លាប”​ដែលជានិមិត្តរូបនៃសន្តិភាព​ហើយក៏បានបម្លែងខ្លឹមសារសំខាន់នៃ​“ការអំពាវនាវរកសន្តិភាព​និង​ការ​បួងសួងសុំសន្តិភាព”​ទៅជាសេចក្តីប្រកាសដែលមើលឃើញឆ្លងផុតរបាំងភាសា។

ប្រជាជននៃប្រទេសទាំងពីរ បានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព​និង​ក្តីរំពឹង​ ចំពោះ​អនាគតដ៏ស្រស់បំព្រង​តាមរយៈ​តន្ត្រី​ និង ​របាំ​។ ភ្ញៀវកិត្តិយស​និង​ទស្សនិក​ជន​បាន​លើក​ឡើងថា កម្មវិធីសម្ដែងសិល្បៈ​ “ស្លាបសន្តិភាព”​មិន​ត្រឹមតែ​បង្ហាញពីការផ្លាស់ប្តូរ​និង​រៀនសូត្រ​វប្បធម៌​ទៅ​វិញទៅ​មក​នៃប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​បានបង្ហាញ​ពីជំនឿចិត្តដ៏រឹងមាំ​ក្នុងការរួមគ្នា​កសាង​សន្តិភាព​និង​មិត្តភាពផងដែរ៕