សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួន ផ្ដល់ជូនភរិយាវីរកងទ័ពជួរមុខ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់សហការី និងយុវជនកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួន ផ្តល់ជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ដោយសារភរិយាវីរកងទ័ពជួរមុខ លោក ឱប វ៉ាត់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺផ្លូវដង្ហើម (សួត) រួមទាំងជំងឺប្រចាំកាយផ្សេងទៀត។

 

ក្នុងឱកាសចុះសួរសុខទុក្ខដល់គ្រួសារវីរកងទ័ពក្រុមការងារកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកជាពន់ពេក ពិសេសក្តីអាណិត ស្រលាញ់ និងការបារម្ដពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរមិនរំលងនោះឡើយពីសុខទុក្ខរបស់យុទ្ធជននិងក្រុមគ្រួសារ និងសូមជូនភរិយាវីរកងទ័ពដែលកំពុងសង្គ្រោះបន្ទាន់នាពេលនេះ សូមឆាប់បានជាសះស្បើយ ដើម្បីវិលត្រលប់ទៅជួបជុំគ្រួសារវិញ។

 

សូមរម្លឹកថាកន្លងមក មាតាមនុស្សធម៌កម្ពុជា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការីជាបន្ដបន្ទាប់ ចុះសួរសុខទុក្ខដល់វីរៈកងទ័ពកងទ័ពជួរមុខ និងជនភៀសសឹក ដែលបានរងរបួសដោយសារការប៉ះទង្គិចនៅតាមបណ្ដោយព្រំដែន រួមទាំងក្រុមគ្រួសារកងទ័ព ដែលជួបប្រទះនឹងបញ្ហាសុខភាព និងជីវភាព ជាក់ស្ដែងដូចថ្ងៃនេះដែលបានផ្ដល់ថវិកា និងសម្ភារមួយចំនួនជូនដល់គ្រួសារវីរកងទ័ព៕