ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រើនរំលឹកឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញខុសច្បាប់

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ សមត្ថកិច្ច ជាពិសេសអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយប្រេង ព្រមទាំងតម្លៃទំនិញទូទៅក្នុងខេត្ត និងមូលដ្ឋានផ្ទាល់ឱ្យបានយ៉ាងម៉ឺងម៉ាត់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការក្រើនរំលឹកបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងការត្រៀមទទួលវត្តមានថ្នាក់ដឹកនាំដែលនឹងអញ្ជើញបំពេញការងារនៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើននាក់ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ត្រូវចាត់វិធានការរឹងមាំចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានប្រឌិត ឬព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ស្ថិរភាពសង្គម។

ក្នុងករណីមានជនណាឆ្លៀតឱកាសដំឡើងថ្លៃប្រេង ឥន្ធនៈ ឬតម្លៃទំនិញទូទៅ មិនស្របតាមតម្លៃ ទីផ្សារ ឬតម្លៃដែលកំណត់ដោយក្រសួងពាក់ព័ន្ធ សូមបងប្អូនប្រជាពលរដ្ឋជួយផ្តល់ព័ត៌មានមក ឯកឧត្តមអភិបាលខេត្ត ឬអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីចាត់វិធានការសមស្រប។ លើសពីនេះ អាចផ្តល់ព័ត៌មានមកលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាមរយៈទូរស័ព្ទ០៩៧៧៩៧៧៣០៣។

ការក្រើនរំលឹកនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការរក្សាស្ថិរភាពតម្លៃទំនិញ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។