លួចទូរស័ព្ទមួយគ្រឿង រួចប្រើ Messenger ញ៉ែក្មួយជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

កំពង់ឆ្នាំង៖ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ មានករណីអំពើលួចទូរស័ព្ទដៃមួយគ្រឿង បង្កឡើងដោយជនសង្ស័យម្នាក់ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយ៉ាងឆាប់រហ័ស បន្ទាប់ពីគេប្រើគណនី Messenger របស់ជនរងគ្រោះ ដើម្បី ឆាតញ៉ែក្មួយស្រីរបស់នាង និងណាត់ជួបគ្នា។

តាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ សោម ប៊ុនធឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ហ៊ុំ ស្រីពៅ ភេទស្រី អាយុ ៣១ ឆ្នាំ ដែលរស់នៅភូមិដដែលក្នុងសង្កាត់ប្អេរ រួចលួច យកទូរស័ព្ទដៃម៉ាក Vivoពណ៌ក្រហម មួយគ្រឿង ហើយដើរចេញទៅបាត់។

បន្ទាប់មក នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១២:០០ ថ្ងៃត្រង់ ជនសង្ស័យបានប្រើគណនី Messenger ឈ្មោះ ស្រី ពៅ (គឺគណនីរបស់ជនរងគ្រោះ) ដើម្បីឆាតទៅញ៉ែគណនី Messenger ឈ្មោះ EI Roth ឈ្មោះពិត យាន រតនា ភេទស្រី អាយុ ២៣ ឆ្នាំ ជាក្មួយស្រីរបស់ជន រងគ្រោះ)រួចណាត់ជួបគ្នានៅក្រោយវត្តធម្មយុត្តិ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង។

ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានសហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្អេរ ចុះ ទៅកន្លែងកើតហេតុភ្លាមៗ នាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង។ ក្រោយធ្វើការសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទម៉ាក Vivo ពិតប្រាកដមែន។

សមត្ថកិច្ចបានដកហូតវត្ថុតាងជាទូរស័ព្ទដៃម៉ាក Vivo ពណ៌ក្រហម ចំនួន ០១ គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។

ករណីនេះ បង្ហាញពីភាពប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់របស់សមត្ថកិច្ច និងការប្រើប្រាស់បច្ចេក វិទ្យាឌីជីថលរបស់ជនល្មើស ដែលបណ្តាលឲ្យគេជាប់ខ្លួនយ៉ាងឆាប់រហ័ស។ សូមប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងរាយការណ៍ភ្លាមៗនៅពេលមានករណីសង្ស័យ ៕