ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារដើម្បីចុះពិនិត្យស្ថានភាពការលក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ផ្សេងៗក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លៀតឱកាសឡើងថ្លៃប្រេងឥន្ធនៈមិនសមស្រប ដែលអាចកើតឡើងពីកង្វល់ទីផ្សារអន្តរជាតិ ឬព័ត៌មានផ្សេងៗ។

លទ្ធផលនៃការពិនិត្យបានបង្ហាញថាស្ថានីយ៍ប្រេង ឥន្ធនៈទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំង មិនមានការឡើងថ្លៃខុសប្រក្រតីនោះទេ គឺបានលក់តាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ជាផ្លូវការ។ ជាពិសេស ក្រុមហ៊ុនតេលាខ្មែរ និងកាល់តិច ក្នុងតំបន់នេះ មានស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់ធានាការ ផ្គត់ផ្គង់ជាប្រចាំដល់ប្រជាពលរដ្ឋ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំទិញប្រេងឥន្ធនៈស្តុកទុក លើសពីតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យផ្សេងៗ ដូចជាគ្រោះថ្នាក់ឆាបឆេះ ឬប៉ះពាល់ដល់សុវត្ថិភាពផ្ទះល្វែង និងសណ្តាប់ធ្នាប់សង្គម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនឹងបន្តតាម ដានយ៉ាងដិតដល់ និងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកណាដែលព្យាយាមឡើងថ្លៃខុសច្បាប់។

សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងរក្សាស្ថិរភាពតម្លៃទីផ្សារ ជាពិសេសក្នុងវិស័យប្រេងឥន្ធនៈ។