ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចុះរៀបចំអាងចិញ្ចឹមត្រីអណ្តែងជូនគ្រួសារយោធិនពលីជីវិតក្នុងសង្គ្រាមកម្ពុជា-ថៃ

កំពង់ឆ្នាំង៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក លីហុង ស្រេង នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីខណ្ឌចុះរៀបចំអាងចិញ្ចឹមត្រីអណ្តែងក្នុងថង់ប្លាស្ទិកស្របតាមលក្ខណៈបច្ចេកទេសចិញ្ចឹមត្រី ជូនដល់គ្រួសារយោធិនពលីជីវិតក្នុងសង្គ្រាមកម្ពុជា-ថៃ ស្ថិតនៅភូមិអូរក្រខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សកម្មភាពនេះមានគោលបំណងជួយគាំទ្រជីវភាព និងផ្តល់ប្រភពចំណូលបន្ថែមដល់គ្រួសារគោរពអតីតយុទ្ធជន តាមរយៈការចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារ ដែលជាប្រភេទត្រីដែលងាយចិញ្ចឹម និងមានតម្លៃសេដ្ឋកិច្ចល្អនៅក្នុងតំបន់។

ក្នុងឱកាសនោះ មន្ត្រីខណ្ឌបានរៀបចំស្រះ ឬអាង ថង់ប្លាស្ទិក ធ្វើរបងព័ទ្ធ និងគម្របការពារកំដៅរួច រាល់ជាស្ថាពរ។ បន្ទាប់មក បានដឹកជញ្ជូនកូនត្រីពូជអណ្តែងដាក់ចូលអាងតាមបច្ចេកទេសត្រឹមត្រូវ ព្រមទាំងបង្រៀនវិធីផ្តល់ចំណីបំប៉នកូនត្រី និងរៀបចំកំប្លោកដើម្បីជាជម្រកឲ្យត្រីរស់នៅបានសុខស្រួល។

សកម្មភាពនេះបានសម្រេចលទ្ធផលជាក់ស្តែង ដែលអាចជួយគ្រួសារទាំងនោះមានប្រភពចិញ្ចឹមជីវិតបន្ថែម និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសហគមន៍។

លើសពីនេះ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ក៏បានរៀបចំពិធីជួបជុំអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលស្តីទី ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកនាយខណ្ឌបានចែកវត្ថុអនុស្សាវរីយ៍ដល់មន្ត្រីខណ្ឌរដ្ឋបាលជលផល ដើម្បីអបអរសាទរ និងលើកទឹកចិត្តស្ត្រីទាំងអស់ឲ្យបន្តរួមចំណែកក្នុងការងារអភិវឌ្ឍន៍ និងសន្តិ ភាពសង្គម។

សកម្មភាពទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់ខណ្ឌរដ្ឋបាលជលផលក្នុងការគាំទ្រគ្រួសារងាយរងគ្រោះ និងការលើកកម្ពស់សមភាពយេន ឌ័រ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល៕