ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោកស្រី Amélie HUMPHREYS អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group ប្រចាំកម្ពុជា-វៀតណាម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
គោលបំណងនៃជំនួបសម្តែងការគួរសមនេះ គឺធ្វើឡើងដើម្បីបង្ហាញអំពីចំណាប់អារម្មណ៍ ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តអន្តរជាតិរបស់ CMA CGM Group ដែលបានកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងដើម្បីស្វែងរកកិច្ចសហការរវាងសាធារណៈ និងឯកជន សំដៅស្វែងរកឱកាសវិនិយោគក្នុងគម្រោង ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណលោកស្រីនាយកគ្រប់គ្រងនៃក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group ដែលបានចែករំលែកនូវឧត្តមានុវត្តរបស់ក្រុមហ៊ុនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។
លោករដ្ឋមន្រ្តីក៏បានស្នើឱ្យលោកស្រីនាយកគ្រប់គ្រង បន្តការសហការជាមួយក្រុមការងារ បច្ចេកទេសរបស់ក្រសួង ដើម្បីសិក្សាស្វែងយល់អំពីតម្រូវការទីផ្សារក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម សំដៅរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មប្រកបដោយនិរន្តរភាព និងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យភស្តុភារកម្មក្នុងតំបន់ ឱ្យស្របតាមទិសដៅគោលនយោបាយ និងផែនការមេនានារបស់រដ្ឋាភិបាលកម្ពុជា ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕
