កាលពីថ្ងៃទី១២ ខែសីហា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយរៀប រាប់អំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន មុនពេលដែលប្រមុខវិមានក្រឹមឡាំងរូបនេះគ្រោងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រសប្តាហ៍នេះ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA លោក គីម បានបង្ហាញការគាំទ្រដោយមិនងាករេចំពោះសកម្មភាពរបស់រុស្ស៊ី ក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកកូរ៉េខាងជើង-រុស្ស៊ីឆ្នាំ២០២៤ ដោយសន្យាថានឹង«គាំទ្រយ៉ាងពេញទំហឹងគ្រប់វិធានការ» ដែលធ្វើឡើងដោយទីក្រុងមូស្គូ។ វិមានក្រឹមឡាំងបាននិយាយថា ការពិភាក្សាត្រូវបានធ្វើឡើង «នៅក្នុងបរិបទនៃកិច្ចពិភាក្សានាពេលខាងមុខ» ជាមួយទីក្រុងវ៉ាស៊ីនតោន។
ការសន្ទនានេះ បានធ្វើឡើងតែបីថ្ងៃមុនពេលកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរកឲ្យឃើញនូវបទឈប់បាញ់នៅក្នុងសង្គ្រាមដែលឥឡូវនេះឈានចូលដល់ឆ្នាំទីបួនហើយ។ លោក ពូទីន កំពុងទាមទារឲ្យអ៊ុយក្រែនបោះបង់តំបន់ Donetsk និង Luhansk ដែលជាជំហរត្រូវបានបដិសេធយ៉ាងដាច់អហង្ការដោយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី។
ក្រៅតែពីលោក គីម លោក ពូទីន ក៏បានពិគ្រោះយោបល់គ្នាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ផងដែរ៕
