កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរ។បចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចនៃគម្រោង LASED III នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមបានជំរុញឱ្យក្រុមការងារពិភាក្សាជាមួយធនាគារពិភពលោក ដើម្បីពង្រឹងគោលដៅគម្រោងឱ្យកាន់តែស៊ីជម្រៅ និងឆ្លើយ តបប្រកបដោយប្រសិទ្ធភាពទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានលើកទឹកចិត្តប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍ពីគម្រោង ឱ្យបង្កបង្កើនផល ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
សម្រាប់គម្រោង LASED IV នាពេលខាងមុខ ឯកឧត្តមបានណែនាំឱ្យក្រុមការងារចាប់ផ្តើមពិភាក្សាជាមួយធនាគារពិភពលោកជាមុនសិន ដើម្បីងាយស្រួលក្នុងការអនុវត្ត និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យរីកចម្រើនបន្ថែមទៀត។ ជាក់ស្តែងនៅភូមិសាស្ត្រស្រុករលាប្អៀរ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យផ្តោតលើការដាំដុះដំណាំមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដូចជា ដើមអាកាស្យា ដើមប្រេងខ្យល់ និងស្វាយចន្ទី ព្រមទាំងជួយជ្រើសរើសសត្វចិញ្ចឹមដែលចំណាយតិច ប៉ុន្តែផ្តល់ផលចំណេញច្រើន រួមមាន គោ ពពែ និងសត្វក្រួចជាដើម។
ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់នៃការរៀបចំកសាងផែថ្មីមួយនៅខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា គោល ដៅនៃគម្រោងសម្បទានសង្គមកិច្ចមិនមែនគ្រាន់ តែផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែត្រូវធ្វើឱ្យភូមិដែលពួកគេរស់នៅក្លាយជាភូមិដែលមានសេដ្ឋកិច្ចដំណើរការមានការងារធ្វើ មានប្រាក់ ចំណូល និងមានប្រាក់សន្សំ។
លើសពីនេះ ការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងភូមិនឹងជួយកាត់បន្ថយបំណុលគ្រួសារ និងបន្ធូរសម្ពាធពីប្រាក់កម្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុផង ដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោង LASED IV នឹងផ្តោតជាពិសេសលើភូមិដែលជួបការលំបាកខ្លាំងជាងគេ ដោយជួយកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់បន្ថែម និងបង្កើតឱកាសការងារ ដើម្បីធានាឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យរីកចម្រើនប្រកបដោយចីរភាព។
