លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលស្តីទី និងមន្ត្រី បានព្រលែងត្រីរាជ ១ក្បាលទម្ងន់ ៨០គីឡូក្រាម ចូលដែននេសាទ

កំពង់ឆ្នាំង៖នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលស្តីទី នៃខេត្តកំពង់ឆ្នាំង រួមជាមួយមន្ត្រីពាក់ព័ន្ធ បានរៀបចំពិធីព្រលែងត្រីរាជ ១ក្បាល ដែលមានទម្ងន់ ៨០ គីឡូក្រាម ចូលទៅក្នុងដែននេសាទធម្មជាតិវិញ។

ត្រីរាជខាងលើនេះលែងនភូមិតាដោក ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីទទួលបានត្រីរាជពីប្រជានេសាទក្នុងតំបន់។

ត្រីរាជ (ឈ្មោះវិទ្យាសាស្ត្រ Pangasianodon gigas) ជាប្រភេទត្រីទឹកសាបធំជាងគេមួយក្នុងពិភពលោក និងជាប្រភេទកម្រ ដែលស្ថិតក្នុងបញ្ជីក្រហម IUCNក្នុងចំណាត់ថ្នាក់ “កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង” (Critically Endangered) និងត្រូវបានហាមឃាត់ការនេសាទ ទិញលក់ ឬដឹកជញ្ជូនតាមច្បាប់។ ត្រីរាជអាចលូតលាស់ដល់ប្រវែង៣ម៉ែត្រនិងទម្ងន់រហូតដល់ ៣០០គីឡូក្រាម ហើយជាសត្វសំខាន់ ក្នុងប្រព័ន្ធជីវចម្រុះទន្លេមេគង្គ ។

សកម្មភាពព្រលែងត្រីរាជនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលជលផល និងប្រជានេសាទក្នុងការចូលរួមអភិរក្សប្រភេទត្រីកម្រ ដើម្បីរក្សាតុល្យភាពធម្មជាតិ និងធានាប្រភពជលផលបន្តនៅសម្រាប់ជំនាន់ក្រោយ។ ការសហការរវាងអាជ្ញាធរជលផល និងប្រជាជនក្នុងការរាយការណ៍ និងលែងត្រីកម្រ គឺជាគន្លឹះសំខាន់ក្នុងការការពារប្រភេទត្រីរាជ ដែលត្រូវបានចាត់ទុកជា “ស្តេចត្រី” នៃទន្លេមេគង្គ។

រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានអំពាវនាវឱ្យប្រជានេសាទបន្តផ្តល់ព័ត៌មាន ឬប្រគល់ត្រីរាជដែលចាប់បានដោយចៃដន្យ ដើម្បីអនុវត្តការលែងវិញជំនួសឱ្យការរក្សាទុក ឬលក់ ដែលខុសច្បាប់។