ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។

សារជំរុញ និងណែនាំនេះ បានធ្វើឡើងបន្ទាប់ ពីឯកឧត្តមបានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្ស តាមវិធីសាស្ត្រគ្រប់ស្នៀត និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស មានបាន ឬទៅរកការងារមានប្រាក់ខែខ្ពស់ជាដើម។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា គ្រប់គ្នាក្នុងសង្គម ត្រូវតែមានទំនួលខុសត្រូវរួមចំណែកដោះស្រាយបញ្ហានេះជាមួយរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និងអាជ្ញាធរ។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធគ្រប់មូលដ្ឋាន បានវាយលុកនិងបង្ក្រាបសំបុកបទល្មើសទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី បានជាច្រើនករណី ក្នុងនោះ បទល្មើសជួញដូរមនុស្ស ត្រូវបានបង្ក្រាប ទន្ទឹមគ្នានឹងប្រសិទ្ធភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ក្នុងឆ្នាំ២០២៥ បទល្មើសជួញដូរមនុស្ស ជាពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទ មានចំនួន ២៧២ករណី ក្នុងនោះ អំពើ ជួញដូរមនុស្ស មាន ១២៨ករណី ឃាត់ខ្លួនជនសង្ស័យ ២០៩នាក់ មានជនរងគ្រោះ ៦០៩នាក់ (អនីតិជន សរុប ៦០នាក់)។

ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា ការបង្កើន ការផ្សព្វផ្សាយ និងអប់រំឱ្យបានទូលំទូលាយ គឺជាវិធានការសំខាន់មួយ ដើម្បីការពារប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ ពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស និងរួមចំណែកបន្តធានាសន្តិសុខសង្គម។