បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមចំនួន៣ ភូមិក្នុងក្រុងកំពង់ឆ្នាំង ទទួលបានអាហារសាមគ្គីស្រាយបួសខែរ៉ាម៉ាឌន ពីសប្បុរសជនគុយវ៉ែត

កំពង់ឆ្នាំង៖នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមចំនួន៣ ភូមិក្នុងក្រុងកំពង់ឆ្នាំងបានទទួលការរៀបចំអាហារ សាមគ្គីស្រាយបួសខែរ៉ាម៉ាឌន ជាជំនួយឧបត្ថម្ភពីសប្បុរសជនប្រទេសគុយវ៉ែត តាមរយៈអង្គការសម្របសម្រួលនិងអភិវឌ្ឍន៍។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង រួមជាមួយលោក ម៉ាត់ សារី អនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង លោកអភិបាលរងក្រុងកំពង់ឆ្នាំង និងលោក ម៉ូត នូវ៉ាវី អភិបាលរងស្រុកទឹកផុស ដែលជាតំណាងម្ចាស់ជំនួយឧបត្ថម្ភពីសប្បុរសជនប្រទេសគុយវ៉ែត។
ជាមួយគ្នានោះ លោក សាន់ យូ ក៏បានផ្ដល់ថវិកាឧបត្ថម្ភផ្ទាល់ខ្លួនចំនួន២០ម៉ឺនរៀល ជូនសូរ៉ាវ (វិហារតូច) ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដើម្បីជួយគាំទ្រសកម្មភាពសាសនានិងសង្គមនៅក្នុងតំបន់។

គួរបញ្ជាក់ថា អាហារសាមគ្គីស្រាយបួសនេះ ត្រូវបានរៀបចំផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមនៅ៣កន្លែង រួមមាន៖
១. វិហារធំ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
២. សូរ៉ាវ (វិហារតូច) ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង
៣. វិហារធំ ភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង
ការឧបត្ថម្ភនេះ មិនត្រឹមតែជួយបំពេញតម្រូវការអាហាររូបត្ថម្ភក្នុងខែបួសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃការរួមសាមគ្គី និងការគាំទ្រពីសប្បុរសជនអន្តរជាតិ ចំពោះសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា៕