កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធី បើកសន្និបាតបូកសរុបសមិទ្ធផលការងារ ឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាល ខេត្តកំពង់ឆ្នាំង។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលរងក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមណ្ឌលសុខភាពក្រុង-ស្រុក និងតំណាងអង្គការដៃគូផងដែរ។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានអានសន្ទរ កថាស្វាគមន៍ និងរបាយការណ៍សង្ខេបសមិទ្ធផល ការងារសុខាភិបាលឆ្នាំ២០២៥ រួមទាំងផ្សព្វ ផ្សាយសមិទ្ធផលសកម្មភាពការងារសុខាភិបាលខេត្តឆ្នាំ២០២៥នៅគ្រប់លំដាប់ថ្នាក់ អង្គសន្និបាតបានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្វះខាត មេរៀនបទពិសោធន៍ កំណត់ទិសដៅអាទិភាពការងារ សំខាន់ៗ ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយលទ្ធផល សន្និបាតរបស់ក្រសួងសុខាភិបាល។

ក្នុងប្រសាសន៍បើកសន្និបាត លោក យិន សាវ៉េន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ទោះបីជាវិស័យសុខាភិបាលសម្រេចបានវឌ្ឍនភាពគួរឱ្យ កត់សម្គាល់ក៏ដោយ នៅមានកិច្ចការសំខាន់ៗជាច្រើនទៀតដែលអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ដើម្បីលើកកម្ពស់ការបម្រើសេវាថែ ទាំសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈជាសកម្មភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាងឆ្នាំ២០២៥។ ជាពិសេស ត្រូវបង្កើនសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ទាក់ទងសុខភាព រួមទាំងបន្តពង្រឹងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ការពង្រីកសេវាសុខាភិ បាល ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខា ភិបាល ឆ្ពោះទៅសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកលឆ្នាំ២០៣៥។
លោកអភិបាលរងខេត្តបានផ្តល់មតិបន្ថែមជូនអង្គសន្និបាត ដោយឈរលើគោលដៅសំខាន់៤យ៉ាង រួមមាន៖
១. ពិនិត្យឡើងវិញឱ្យបានម៉ត់ចត់នូវនិន្នាការ និងកម្រិតវឌ្ឍនភាពពីឆ្នាំ២០២៥ នៃសូចនាករគន្លឹះ និងសូចនាករផ្សេងទៀតដែលពាក់ព័ន្ធតួនាទី និងភារកិច្ចរបស់អង្គភាព ដើម្បីធ្វើសកម្មភាពជាក់ស្តែង មានទិសដៅច្បាស់លាស់ និងគោលដៅផែនការសម្រាប់ឆ្នាំ២០២៦។
២. ពង្រឹងអនុលោមភាពនិយ័តកម្មសុខាភិបាល និងការទទួលយកគុណភាពសេវាថែទាំសុខភាពពីប្រជាពលរដ្ឋ ខណៈយន្តការតាមដានវាយតម្លៃ និងលើកកម្ពស់សេវាសុខាភិបាលនៅមូលដ្ឋានកំពុងពង្រឹង ដោយផ្តោតលើគុណភាព សុវត្ថិភាពអ្នកជំងឺ នៅគ្រប់ទិដ្ឋភាពគ្លីនិកនៃការថែទាំព្យាបាលនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមន្ទីរសម្រាកព្យាបាលឯកជន។
៣. ធានាគណនេយ្យភាពអ្នកផ្តល់សេវាដែលផ្តល់ជូនអ្នកជំងឺ និងអ្នកប្រើប្រាស់ ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស ពិធីសារគ្លីនិក និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ បន្តកែលម្អការចូលប្រើប្រាស់សេវា ដោយគិតគូរលំហូរអ្នកជំងឺ ធ្វើឱ្យមានការផ្សារភ្ជាប់រវាងអតិថិជន និងមន្ត្រីសុខាភិបាល ព្រមទាំងបង្កើនគុណភាពសេវាដោយពង្រឹង និងពង្រីកអ្វីដែលមានស្រាប់។ តម្រង់ទិសអ្នកផ្តល់សេវាសុខភាពផ្តោតលើអ្នកជំងឺ ផ្អែកលើភស្តុតាងវេជ្ជសាស្ត្រ និងសង្កត់ធ្ងន់លើគោលដៅគ្លីនិក។
៤. ពង្រឹងទំនាក់ទំនងជាប់លាប់រវាងសុខាភិបាលមូលដ្ឋាននីមួយៗជាមួយថ្នាក់ដឹកនាំ ដោយមានការរាយការណ៍ជាប្រចាំតាមឋានានុក្រម នៅ ពេលមានបញ្ហា ផ្សារភ្ជាប់ជាមួយអភិបាលកិច្ចគ្លីនិកដើម្បីលើកស្ទួយ និងយកចិត្តទុកដាក់បន្ថែមលើការពង្រឹងសមត្ថភាពត្រៀម និងឆ្លើយតបចំពោះគ្រប់ទម្រង់នៃការគម្រាមកំហែងសុខភាពសាធារណៈ ដោយពង្រឹងការគ្រប់គ្រងគ្រប់ស្រុកប្រតិបត្តិ និងរក្សាចីរភាពទំនាក់ទំនងគ្រប់ថ្នាក់នៃប្រព័ន្ធសុខាភិបាល។
សន្និបាតនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់អង្គភាពសុខាភិបាលខេត្តកំពង់ឆ្នាំង ក្នុងការជំរុញគុណភាពសេវាសុខាភិបាល និងឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះតម្រូវការប្រជាពលរដ្ឋ ឆ្ពោះទៅសម្រេចគោលដៅជាតិ និងអន្តរជាតិនានា។
