ភ្នំពេញ៖ កាលនៅថ្ងៃទី១៥ សីហា ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ បានភ្ជាប់ចំណងមិត្តភាពរួមគ្នា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ។
ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ។ តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរ បានឯកភាពនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការគ្នា ដោយតម្លាភាព និងអនុលោមតាមច្បាប់។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ប្ដេជ្ញាខំកសាងបរិយាកាសអំណោយផល និងជំរុញដល់ការអភិវឌ្ឍ និងវិបុលភាពលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការអភិវឌ្ឍទីក្រុងវៃឆ្លាតជាដើម។
នាឱកាសនោះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកឡើងពីសក្ដានុពលនៃខេត្តកំពង់ធំ ដែលជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញប្រមាណ២០ដង មានប្រជាជនប្រមាណ៩០ម៉ឺននាក់។ ខេត្តនេះ មានផ្ទៃដីសម្រាប់បង្កបង្កើនផលចំនួន ៣០ម៉ឺនហិកតា ក្នុងនោះស្វាយចន្ទីមានផ្ទៃដី ១៥ម៉ឺនហិកតា ផ្ទៃដីធ្វើស្រូវ ៥ម៉ឺនហិកតា និងកៅស៊ូចំនួន ១៥ហិកតា។
អភិបាលខេត្តកំពង់ធំ ចាត់ទុកចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ នឹងផ្តល់ឱកាសឱ្យខេត្តកំពង់ធំរៀនសូត្របានកាន់តែច្រើន ក្នុងការអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់តែរីកចំរើនបន្ថែមទៀត។
ដោយឡែក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជឿជាក់ថាការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពង់ធំនាពេលនេះ បានជួយកសាងបរិយាកាសឱ្យកាន់តែអំណោយផល និងជំរុញដល់ការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ លោក ឃួង ស្រេង បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិសេសទីចាត់ការវិនិយោគ ជួយកៀងគរអ្នកវិនិយោគឱ្យបានច្រើនទៅវិនិយោគនៅខេត្តអធិរាជស្វោយចន្ទីមួយនេះ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ ជាខេត្តទី២ហើយ បន្ទាប់ពីខេត្តព្រះវិហារដែលបានចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញ។ អនុស្សរណៈនៃការយោគយល់នេះ មានសុពលភាពរយៈពេល ៥ឆ្នាំ៕
