ស្រ្តីទី១កម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ចង់ឃើញកុមារមានស្នាមញញឹម​នៅលើផ្ទៃមុខ​ មិនមែនទឹកភ្នែក​ដោយសារការបាត់បង់

ភ្នំពេញ៖ ក្នុងកម្មវិធី “Smile Asia Charity Gala 2025” កាលពីយប់ថ្ងៃទី​១៤ សីហា លោកស្រី ពេជ ចន្ទមុន្នី ភរិយា​សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ថ្លែង​សារ​សន្ដិភាព​ទៅកាន់​អ្នកចូលរួម​ និង​ពិភពលោក ក្រោយ​លោកស្រីទទួល​បាន​ពាន​រង្វាន់​“Smile Asia Philanthropic Visionary Award”។ ពី​ប្រទេស​សិង្ហបុរី ភរិយា​នាយករដ្ឋមន្រ្តីកម្ពុជា ​ថ្លែង​ថា កម្ពុជា​ត្រូវការ​សន្តិភាព មិន​​ត្រូវការ​សង្រ្គាមឡើយ។

លោកស្រី ពេជ ចន្ទ​មុន្នី ចាត់ទុក​ពាន​រង្វាន់ ​​“Smile Asia Philanthropic Visionary Award” ជា​កិត្តិយស​មួយ​ដ៏​អស្ចារ្យ​ លើសពី​អ្វីដែល​អាច​ពណ៌នា​បាន។ លោកស្រី បន្តថា​ ពានរង្វាន់នេះ មិន​ត្រឹម​តែជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​លះ​បង់របស់​លោកស្រី​ប៉ុណ្ណោះទេ​ តែ​ជា​គុណ​តម្លៃ​ចំពោះ​ប្រជា​ជន​កម្ពុជា​ទាំងអស់។ លើសពីនេះ លោកស្រី មាន​មោទកភាព​ដែល​តំណាង​ឱ្យ​ប្រជា​ជន​ និង​កុមារ​កម្ពុជា​ ជិត​មួយ​លាន​នាក់ ដែល​ទទួល​បាន​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​។

តាមរយៈ​សេចក្ដី​ថ្លែង​សារ​ក្នុង​កម្មវិធី “Smile Asia Charity Gala 2025” លោកស្រី ពេជ ចន្ទ​មុន្នី បាន​រំលេចពី​ហេតុការណ៍​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ គឺបញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។«ពាក្យពេចន៍ទាំងឡាយ​ ដែល​បាន​ថ្លែង​នៅពេលនេះ គឺ​ដើម្បី​ផ្សាមុខ​របួស ព្រមទាំង​នាំ​សន្តិភាព​រវាងកម្ពុជា-ថៃ។»។ នេះជាការ​លើកឡើងរបស់​លោកស្រី ពេជ ចន្ទមុន្នី ដោយ​បញ្ជាក់ថា កម្ពុជា តែង​តែប្រកាន់គោល​ជំហរ​សន្តិភាព។

នៅ​ចំពោះ​អ្នកចូលរួម​ក្នុង​កម្មវិធីខាង​លើ លោកស្រី ពេជ ចន្ទមុន្នី បង្ហាញ​ការ​ជឿជាក់​លើ​ការ​ដោះស្រាយ​បញ្ហាតាមរយៈ​កិច្ច​សន្ទនា​ដោយ​ការ​យោគ​យល់​គ្នា និង​ផ្អែក​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ។ ទន្ទឹម​នឹង​នេះ ស្រ្តីទី១កម្ពុជា ប្រឆាំង​ដាច់ខាត​ចំពោះ​​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ ដែល​នាំមក​នូវ​ការ​ឈឺចាប់ និង​អន្តរាយ។

លោកស្រី ពេជ ចន្ទ​មុន្នី បានចែ​ករំលែក​ពី​សកម្មភាព​ចុះទៅ​កាន់​តំបន់​ជន​ភៀសសឹក​ ​ជួប​គ្រួសារ​ទាហាន​ពលីជីវិត និង​រង​របួសនៅតាម​មន្ទីរពេទ្យ ដែល​ផ្ទះ​ និង​ទីជម្រករបស់ពួកគេ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង។ អ្វីដែល​ធ្វើឱ្យ​ស្រ្តីទី១កម្ពុជា រំជួលចិត្ត​នោះ គឺ​ទឹកមុខរបស់​កុមារ​រងគ្រោះជាដើម។

លោកស្រី ថ្លែងថា៖«ខ្ញុំ​បាន​ឃើញ​ទឹក​មុខ​របស់​កុមារ ដែល​បាន​តម្រង់​ជួរ​ចាំ​ទទួល​អាហារ​។ កុមារទាំងនោះ ​បាន​ចាកចេញពី​សាលា​រៀនដែលខូចខាត​ ទាំងដែលពួកគាត់ គួរណាស់តែ​កំពុង​រត់​លេង​ក្នុង​ភូមិរបស់​ពួកគេ»។

ក្រៅពី​នេះ លោកស្រី ពេជ ចន្ទមុន្នី ក៏​ប្រាប់ទៅ​ពិភពលោកពីទុក្ខលំបាករបស់ស្រ្តីជាម្ដាយ ដែល​ត្រូវ​ព្រាត់​ប្រាស់​ពីគ្រួសារ និង​មនុស្ស​ជាទីស្រឡាញ់ ដោយសារ​ជម្លោះព្រំដែននេះ។ លោកស្រី ទទួល​ស្គាល់ថា ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ជា​អ្នក​រង​ទុក្ខ​វេទនា​អំពីការ​ភៀសខ្លួននេះ។

បើតាមស្រ្តីទី១ កម្ពុជា​កំពុង​រស់នៅ​ក្រោម​ស្រមោល​នៃ​បទ​ឈប់បាញ់​ដ៏​ផុយ​ស្រួយជាទីបំផុត។ លោកស្រី បន្តថា យើងចង់ឃើញ​ស្នាម​ញញឹម​នៅលើ​ផ្ទៃមុខរបស់​កុមារទាំងឡាយ ជា​ជា​ងទឹក​ភ្នែក​ដែលស្រក់​ដោយ​ការ​បាត់បង់។ លើសពីនេះ យើង​ចង់ឃើញ​ប្រជាជន​កសាង​អនាគត​ដ៏​ភ្លឺស្វាងមួយ មិនមែន​ត្រូវ​ភៀសខ្លួន​ចេញ​ពី​លំនៅដ្ឋានឡើយ។

«យើងចង់បាន​សន្ដិភាព យើងមិនត្រូវ​ការ​សង្រ្គាម​ឡើយ»។ នេះជា​សារ​ចុះក្រោយ​របស់លោកស្រី ពេជ ចន្ទមុន្នី ដោយ​បង្ហាញជំនឿថា ប្រជាជនប្រទេស​ទាំងពីរ ចង់បាន​អនាគត​ដ៏​ត្រចះត្រចង់​ដូចគ្នា ជាពិសេស​ការការពារ​ជីវិតរស់នៅ​ ការ​រក្សា​សន្តិភាព និង​បង្ហាញ​ពិភពលោកឃើញថា​ប្រទេសទាំងពីរត្រូវការរួបរួមគ្នា​៕