ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យអាណោចអាធ័មមួយបានកើតឡើង កាលពីវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្តាលឱ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះបើកបរម៉ូតូម៉ាក ហុងដា សេ១២៥ (Honda C125) ពាក់ស្លាកលេខ ភ្នំពេញ 1GE-5240ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក BYD ពាក់ស្លាកលេខ ភ្នំពេញ 2CI-0396 កំពុងបើកបរឆ្លងកាត់ផ្លូវ។ ដោយសារល្បឿនលឿន និងក្នុងចម្ងាយកៀកពេក ធ្វើឱ្យម៉ូតូច្រុលទៅបុកចំរថយន្ត BYD ពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូដួលបោកស្លាប់បាត់បង់ជីវិតភ្លាមៗ។
ក្រោយពេលកើតហេតុ ម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរណ៍ចុះមកដល់ ទីតាំងភ្លាមៗ ដើម្បីធ្វើការវាស់វែង និងសម្របសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ។
បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង (រថយន្ត និងម៉ូតូ) ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់។
ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
