បើកការដ្ឋានជួសជុលផ្លូវជាង៥គីឡូ ម៉ែត្រ និងស្ថាបនស្ពានបេតុង១កន្លែង នៅស្រុកទឹកផុស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានថ្មីមួយខ្សែ ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ត្រូវបានបើកការ ដ្ឋានជួសជុល និងស្តារឡើងវិញជាផ្លូវការហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិ វឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍បច្ចេកទេស គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទនេះ រួមមាន៖ ការងារជួសជុល និងស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ ខ្សែ ដែលមានប្រវែងសរុប ៥,៧៥ គីឡូម៉ែត្រ និងទទឹង ៨ ម៉ែត្រ។ ការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ដែលមានប្រវែង ១៨ ម៉ែត្រ។ ការសាងសង់សំណង់សិល្បការ្យដទៃទៀត ដើម្បីទ្រទ្រង់ភាពរឹងមាំនៃផ្លូវ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត មានប្រសាសន៍សង្កត់ធ្ងន់ថា៖ ការបើកការដ្ឋានសាង សង់ផ្លូវ និងស្ពាននៅថ្ងៃនេះ គឺការឆ្លើយតបដោយផ្ទាល់ចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាលដែលតែងតែគិតគូរពីសុខទុក្ខ និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋជាអាទិភាព។

តាមរយៈសមិទ្ធផលថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំក្រាំងស្គារ ក៏ដូចជាស្រុកទឹកផុសទាំងមូល ឲ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារតាមរយៈការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ៕