ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នាឆ្មារ និងឃុំធ្លកវៀន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង«វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន»។

វេទិកានេះត្រូវបានរៀបចំឡើងនៅសាលាឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋាន។

អង្គវេទិកាសាធារណៈដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្ដម លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ, លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក, លោកអភិបាលរងស្រុក តំណាងមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ, លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោក លោកស្រីមេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សមាសភាពចូលរួមសរុបចំនួន ១៦៩ នាក់ ស្រ្តីចំនួន ២៧នាក់ ដែលបានរួមគ្នាស្តាប់ និងជជែកពិភាក្សាយ៉ាងផុសផុល ដើម្បីស្វែងយល់ពីសុខទុក្ខ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង៕