ពោធិ៍សាត់៖មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ រួមជាមួយក្រុមអ្នកទេសចរណ៍ដើរព្រៃ បានប្រទះឃើញសត្វបង្គួយបន្លាភ្នំ (បង្គួយស្នែង) មួយក្បាល នៅក្នុងតំបន់ការពារធម្មជាតិភ្នំទំព័រ កាលពីពេលថ្មីៗនេះ។
សត្វបង្គួយប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តំបន់នេះមានរយៈកម្ពស់ជាង ១.៥៥១ម៉ែត្រ និងជាតំបន់សក្តានុពលលម្ហែបៃតងដ៏ស្រស់ស្អាត។
ក្រុមអ្នកដើរព្រៃបានពណ៌នាថា សត្វបង្គួយនេះមានរូបរាងចម្លែក ហាក់ដូចជាកូនដាយណូស័រសម័យបុរាណ ដោយមានស្នែង និងបន្លាស្រួចៗលើក្បាល រួមទាំងជួរបន្លាវែងៗតាមខ្នង។ វាមានពណ៌ត្នោត ឬពណ៌ដី ដែលជួយឱ្យវាបន្លំខ្លួនយ៉ាងល្អជាមួយបរិស្ថានព្រៃឈើ។
ឈ្មោះវិទ្យាសាស្ត្រ៖ Acanthosaura (Mountain Horned Dragon)។ ប្រភេទសត្វនេះត្រូវបានគេលើកឡើងថា មិនសូវឃើញនៅតំបន់ការពារធម្មជាតិផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ វារស់នៅក្នុងព្រៃក្រាស់ៗ តំបន់ភ្នំមានសំណើមខ្ពស់ និងអាកាសធាតុត្រជាក់។ សត្វបង្គួយបន្លាភ្នំមិនមានពិស និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយចិញ្ចឹមខ្លួនដោយស៊ីសត្វល្អិតតូចៗ។
មន្ត្រីជំនាញបានគូសបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជា គឺជាមរតកធម្មជាតិដ៏មានតម្លៃ និងជាជម្រកសំខាន់សម្រាប់ជីវៈចម្រុះរាប់រយប្រភេទ។ បច្ចុប្បន្ន តំបន់ការពារធម្មជាតិទាំងអស់គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា។
ការរកឃើញនេះ បានធ្វើឱ្យក្រុមអ្នកទេសចរណ៍ និងអ្នកអភិរក្សធម្មជាតិ មានក្តីរំភើបយ៉ាងខ្លាំង ខណៈដែលវាបញ្ជាក់ពីភាពសម្បូរបែបនៃជីវៈចម្រុះនៅក្នុងខេត្តពោធិ៍សាត់៕
