ពោធិ៍សាត់៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញ ឱ្យលោកគ្រូអ្នកគ្រូគ្រប់កម្រិត បន្តពង្រឹងការអប់រំ និងបញ្ជ្រាបការយល់ដឹងអំពី «ព័ត៌មានក្លែងក្លាយ» ដល់សិស្សានុសិស្សជាប្រចាំ ដើម្បីពង្រឹងសមត្ថ ភាពត្រិះរិះពិចារណា និងទប់ស្កាត់ការរីកសាយ ភាយនៃព័ត៌មានមិនពិតលើបណ្តាញសង្គម។
ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅអនុវិទ្យា ល័យ និងវិទ្យាល័យព្រះម្លូរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ ឱ្យឆ្លៀតពេលរំឭកសិស្សានុសិស្សជារៀងរាល់ថ្ងៃអំពីហា និភ័យនៃការចែករំលែកព័ត៌មានមិនពិត។
ឯកឧត្តមក៏បានក្រើនរំឭកឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព និងការសិក្សារបស់សិស្ស ដែលអាចរងផលប៉ះពាល់ពីការប្រើប្រាស់ទូរសព្ទលើសកម្រិត រួមទាំងហានិភ័យនៃការចាញ់បោកជនខិល ខូចតាមបណ្តាញសង្គមផងដែរ។
សូមស្នើដល់លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតសិក្សា ចូលរួមអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» តាមរយៈការអប់រំនៅក្នុងថ្នាក់រៀន។ ជាពិសេស ក្នុងពេលគោរពទង់ជាតិ លោកគ្រូ អ្នកគ្រូ ត្រូវឆ្លៀតពេល ១ ទៅ ២ នាទី ជាប្រចាំ ដើម្បីផ្សព្វផ្សាយចំណេះដឹងស្តីអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងវិធានការបង្ការ ដល់សិស្សានុសិស្ស ឱ្យបានទៀងទាត់ដូចការទទួលទានអាហារបីពេល។
ឯកឧត្តមបានបន្តថា សាលារៀនគួរលើកទឹកចិត្តឱ្យសិស្សានុសិស្សឡើងធ្វើបទបង្ហាញ ដើម្បីចែក រំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការទទួល និងប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ព្រមទាំងចូលរួមទប់ស្កាត់មិនឱ្យព័ត៌មានក្លែងក្លាយរីក សាយភាយក្នុងសហគមន៍។
ការអប់រំនិងបញ្ជ្រាបការយល់ដឹងពីព័ត៌មានក្លែង ក្លាយនេះ ស្របតាមគោលបំណងរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម។
នាឱកាសនោះ ឯកឧត្តមក៏បានផ្តល់នូវវិធានការការពារ «៣កុំ ១ការពារ ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ» ដោយណែនាំឱ្យសិស្សានុសិស្ស៖ កុំទាន់ជឿ កុំទាន់ចែករំលែក កុំប្រហែស និងចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គមពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។
គួរបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌ មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦។ រហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ មន្ទីរព័ត៌មានរាជធានី-ខេត្តបានរៀបចំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់វិទ្យា ល័យ និងអនុវិទ្យាល័យធំៗចំនួន ៣០ រួចមកហើយ គ្របដណ្តប់លើរាជធានីភ្នំពេញ និងខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត កែប កោះកុង ពោធិ៍សាត់ កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។
យុទ្ធនាការនេះនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយឱ្យបានគ្រប់រាជធានី-ខេត្តទូទាំងប្រទេសក្នុងឆ្នាំ២០២៦ នេះ៕
