អ៊ីរ៉ង់ប្រកាសរកចំណូលពីការលក់ប្រេងបាន ១៨ ពាន់លានដុល្លារក្នុងអំឡុងសង្គ្រាម និងបទឈប់បាញ់ជាមួយអាមេរិក

ទីក្រុងតេហេរ៉ង់៖ ក្រសួងប្រេងកាតនៃសាធារណ រដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ថា ប្រទេសអ៊ីរ៉ង់អាចរកចំណូលបានសរុបចំនួន ១៨ពាន់លានដុល្លារអាមេ រិក តាមរយៈការលក់ប្រេងកាត ក្នុងអំឡុងពេលមានសង្គ្រាមសកម្ម និងក្នុងកំឡុងពេលអនុវត្តបទ ឈប់បាញ់ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

យោងតាមសេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះ លើគេហទំព័រផ្លូវការរបស់ក្រសួងប្រេងកាតអ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសនេះបានប្រមូលចំណូលបាន ១១,៥ពាន់លានដុល្លារនៅក្នុងអំឡុងពេលមានសង្គ្រាមសកម្ម និងប្រមាណ ៦,៥ពាន់លានដុល្លារទៀត ក្នុងកំឡុងពេលបទឈប់បាញ់ មុនពេលកិច្ចព្រមព្រៀងនេះបានរលាយទៅវិញកាលពីដើមខែកក្កដា។

ក្រសួងប្រេងកាតអ៊ីរ៉ង់បានគូសបញ្ជាក់ថា ប្រាក់ចំណូលនេះបានគ្របដណ្តប់លើសពី ៦០ភាគរយនៃប្រាក់ចំណូលពីប្រេងកាតដែលបានព្យាករទុកនៅក្នុងថវិកាជាតិប្រចាំឆ្នាំ ក្នុងអំឡុងពេលមាន វិបត្តិសង្គ្រាមដ៏ស្រួចស្រាវនេះ។

ទោះជាយ៉ាងណា តួលេខដែលបានប្រកាសនេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងការលើកឡើងរបស់ប្រធានសភា និងជាប្រធានក្រុមចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf កាលពីចុងខែមិថុនា ដែលធ្លាប់បានអះអាងថា អ៊ីរ៉ង់មិនអាចនាំចេញប្រេងបានសូម្បីតែមួយតំណក់ ដោយសារការបិទខ្ទប់កំពង់ផែពីសំណាក់កងទ័ពជើងទឹកអាមេរិក។

សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយបានទាញតំបន់ទាំងមូលឱ្យធ្លាក់ចូលទៅក្នុងវិបត្តិ។ បទឈប់បាញ់នៅខែមេសា បានជួយពន្លត់ភ្លើងសង្គ្រាមនេះបានមួយរយៈ ប៉ុន្តែការវាយប្រយុទ្ធគ្នាបានឆាបឆេះឡើងវិញកាលពីដើមខែកក្កដា ខណៈដែលភាគីសត្រូវទាំងពីរកំពុងតែប្រជែងគ្នាដណ្តើមសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមពាណិជ្ជកម្មដ៏មានសារៈសំខាន់បំផុតមួយក្នុងតំបន់ និងពិភពលោក។