លោក មុឹង វុធី អញ្ជើញជាធិបតីពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធសម្រាប់ភូមិចំនួន៥ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង ÷ លោក មុឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធសម្រាប់ភូមិចំនួន៥ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តក្រាំងល្វា ក្នុងឃុំក្រាំងល្វា ដោយមានការចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត និងលោក លោកស្រីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ធាន តំណាងមីក្រូហិរញ្ញវត្ថុ មន្រ្តីភូមិបាល និងប្រជាពលរដ្ធសរុបជាង៥០០នាក់ ។

លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូប នីយកម្មសំណង់ និងសូរិយោដីខេត្ត បានមានប្រសាសន៍បញ្ជាក់ថា និតិវិធីលើការចុះបញ្ជីដីធ្លីមាន ៥ដំណាក់កាល ហើយការបិទផ្សាយពេលនេះ គឺជាដំណាក់កាលទី៣ ដើម្បីអោយម្ចាស់ក្បាលដីមកធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ដូចជាឈ្មោះ អក្ខរាវិរុទ្ធិ ទំហំ រូបរាងក្បាលដី ថាត្រឹមត្រូវ ឬមានកំហុសឆ្គងអាចប្តឹងជំទាស់តវ៉ាកែតម្រូវឡើងវិញក្នុងអំឡុងពេល១៥ថ្ងៃនេះ គឺចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។
លោកប្រធានមន្ទីរបានបន្តទៀតថា ដើម្បីអោយងាយស្រួលក្នុងការពិនិត្យបានលឿនសូមម្ចាស់ក្បាលដីភ្ជាប់មកជាមួយប្រកាន់ដៃសម្គាល់ក្បាលដីចេញដោយមន្រ្តីជំនាញ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសៀវភៅគ្រួសារ ។ ចំពោះការចុះប្រមូលទិន្នន័យសម្រាប់ភូមិទាំង៥ គឺមានភូមិថ្នល់ ភូមិខ្នាទៃមោក ភូមិតាំងគ្រង ភូមិតាំងគ្រួសកើត និងភូមិអូរកាខុប សរុបបានចំនួន៧៧៣៤ក្បាលដី មានម្ចាស់កម្មសិទ្ធិករ ចំនួន៣៤៩០គ្រួសារ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក មុឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ពិសេសគឺការគិតគូរក្នុងការពន្លឿនការចុះបញ្ជីរដីធ្លី និងចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ជូន បងប្អូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និង ស្ថេរភាពសង្គម។

លោកអភិបាលរងបានបន្តការប្រកាសបិទផ្សាយ រយ:ពេល១៥ថ្ងៃនេះ ពិតជាមានសារ:សំខាន់សម្រាប់បងប្អូនដែលត្រូវមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានច្បាស់លាស់ ជៀស វាងមានបញ្ហានៅពេលចេញប័ណ្ណកម្មសិទ្ធិ ( ប្លង់រឹង )យកមកប្រើប្រាស់ ។

លោក មុឹង វុធី ក៍បានអំពាវនាវដល់ប្រជាពលរដ្ធ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជួយផ្សព្វផ្សាយបន្តដល់បងប្អូនដែលមានដីនៅភូមិខាង លើមកចូលរួមពិនិត្យអោយបានគ្រប់ៗគ្រា ។