ផ្ទុះហ្គាសឆេះទូកនេសាទ និងលិចនៅសមុទ្រខេត្តព្រះសីហនុ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ ពីរនាក់សង្គ្រោះបាន និងពីរនាក់ទៀតបាត់ខ្លួន

ព្រះសីហនុ៖ នៅវេលាម៉ោង ១១:៣០ នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មានករណីទូកនេសាទមួយគ្រឿងបានផ្ទុះហ្គាស បណ្ដាលឱ្យ ឆេះ និងលិចចូលក្នុងទឹកសមុទ្រ ស្ថិតនៅចំណុចខាងលិចឈៀងខាងជើងកោះដូង ប្រមាណ ១.៧០០ ម៉ែត្រ ក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមព័ត៌មានបឋម ទូកនេសាទដែលជួបហេតុ ការណ៍នេះមានមនុស្សជិះនៅលើទូកចំនួន ៥ នាក់ ក្នុងនោះមានមនុស្សម្នាក់បានស្លាប់ មនុស្សពីរនាក់បាត់ខ្លួន និងពីរនាក់ទៀតត្រូវបានជួយ សង្គ្រោះ។

ជនរងគ្រោះទាំងប្រាំនាក់រួមមាន៖
– លោក សៅ គ្រិន ភេទប្រុស អាយុ ៥៤ ឆ្នាំ ជាម្ចាស់ទូក បានស្លាប់
– លោក សៅ រ័ត្ន ភេទប្រុស អាយុ ២៥ ឆ្នាំ បាត់ខ្លួន
– លោក ឃិន សំបូរ ភេទប្រុស អាយុ ៤៩ ឆ្នាំ បាត់ខ្លួន
– លោក អុិន ចាន់ ភេទប្រុស អាយុ ៤៩ ឆ្នាំ ត្រូវបានសង្គ្រោះ
– លោក ឈិន សុខុម ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវបានសង្គ្រោះ

បច្ចុប្បន្ន កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹក បានសហការជាមួយកម្លាំងនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ កម្លាំងទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ និងក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា ទៀ វិចិត្រ ដើម្បីបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះចំនួនពីរនាក់ដែលកំពុងបាត់ខ្លួន។

គិតត្រឹមពេលនេះ ក្រុមសមត្ថកិច្ច និងក្រុមសង្គ្រោះមិនទាន់រកឃើញជនរងគ្រោះដែលបាត់ខ្លួនទាំងពីរនាក់នៅឡើយទេ ខណៈប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងបន្តធ្វើឡើងនៅតំបន់កើតហេតុ៕