ភ្នំពេញ៖ បន្ទាប់ពីបទបញ្ជាម៉ឹងម៉ាត់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើកិច្ចសហការពីខាងវៀតណាមផងនោះ ពេលនេះជនសង្ស័យបង្កហិង្សានៅកន្លែងផឹកស៊ី ឈ្មោះ ឆេង ភារុណ ត្រូវបានសមត្ថកិច្ចក្របួចនៅទឹកដីវៀតណាម ហើយនាំត្រឡប់មកកម្ពុជាវិញហើយ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ ឆេង ភារុណ បានត្រឡប់ដល់ព្រំដែនម៉ោងជាង ២៣ នាទី ថ្ងៃទី ២៣ ខែសីហា ។ ដោយយប់ពេក ខាងវៀតណាមបានផ្អាកការឆ្លងដែន ហើយឱ្យសម្រាកនៅផ្ទះជួលជិតនោះមួយយប់ ។ ពេលភ្លឺ ទើបបើកឱ្យឆ្លងចូលដែនដីខ្មែរ ដោយភាគីវៀតណាមធានាមើលខុសត្រូវមិនឱ្យបាត់។
លោកស្នងការបន្តថា បន្តិចទៀត ជនសង្ស័យនឹងត្រូវដឹកបន្តយកមកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
កាលពីយប់មិញ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសយ៉ាងមុតមាំក្នុងការចាត់វិធានការលើជនបង្កហិង្សា ឆេង ភារុណ ដោយទុកពេល ៤៨ ម៉ោង ឱ្យចូលខ្លួនទទួលទោស។
ក្រោយជនសង្ស័យរត់គេចខ្លួនទៅវៀតណាម លោក ស សុខា បានទាក់ទងដោយផ្ទាល់ទៅកាន់លោក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដោយស្នើសុំកម្លាំងសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ។
លោក ស សុខា បានជម្រាបជូនជនរួមជាតិថា ក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាលលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រូបលោកដាច់ខាតមិនអនុញ្ញាតឱ្យជនល្មើស រួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ៕


