កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ រួមទាំងមន្ត្រីមូលដ្ឋានជាច្រើនរូបផងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះលទ្ធផលសកម្មភាពការងារនៃការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពក្នុងរយៈពេលកន្លងមក ដែលអាចចាត់ទុកថាមានភាពប្រសើរឡើងក្នុងការពង្រឹងនូវសន្តិសុខក្នុងមូលដ្ឋាន និងការផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោកជំទាវក៏បានជម្រុញឱ្យបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យអស់ពីលទ្ធភាព។
លោកជំទាវបានជម្រុញ និងចាត់វិធានការឱ្យបានម៉ឹងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ពាក់ព័ន្ធ និងផលប៉ះពាល់នានាដែលបណ្ដាលមកពីបទល្មើសគ្រប់ប្រភេទ ជាពិសេសអំពើលួច ឆក់ ប្លន់ ការប្រើប្រាស់អាវុធខុសច្បាប់ និងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងបទល្មើសធនធានធម្មជាតិ និងបរិស្ថាន ដែលតែងតែកើតមានឡើងនៅតាមមូលដ្ឋាន។
