សៀមរាប៖ គណៈបញ្ជាការឯកភាពបឹងទន្លេសាប បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលត្រូវបានបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ចំពោះសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់របស់កងកម្លាំងទាហាន នៅលើផ្ទៃបឹងទន្លេសាប។ នេះជាការបង្ក្រាបបទល្មើសអូសយកលៀសដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីរដ្ឋបាលជលផល។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ នៅភូមិចុងប្រឡាយ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
យោងតាមសេចក្តីបំភ្លឺរបស់គណៈបញ្ជាការឯកភាពបឹងទន្លេសាប កងកម្លាំងសម្ងាត់ស្លៀកពាក់ស៊ីវិលក្លែងភេទ បានល្បាតប្រទះឃើញទូកចំនួន ២គ្រឿង និងមនុស្ស ៦នាក់ កំពុងធ្វើសកម្មភាពអូសយកលៀស ដោយគ្មានលិខិតអនុញ្ញាតពីមន្ត្រីជំនាញជលផល។ ការអូសយកលៀសដោយគ្មានការអនុញ្ញាត នេះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានមច្ឆាជាតិ និងជីវចម្រុះក្នុងបឹងទន្លេសាប។
កងកម្លាំងបានស្នើសុំឱ្យពួកគេធ្វើដំណើរទៅកាន់ទីស្នាក់ការ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់។ ក្នុងអំឡុងពេលធ្វើដំណើរ ទូកមួយគ្រឿងបានកាត់ខ្សែរត់គេចចូលភូមិ ខណៈទូកមួយទៀតបានបន្តទៅកាន់ទីស្នាក់ការ។ កងកម្លាំងស្លៀកពាក់ស៊ីវិលបានដេញតាមរហូតដល់ភូមិ ប៉ុន្តែជនល្មើសបានលោតចូលទឹកគេចខ្លួនបាត់ ដោយបន្សល់ទុកទូក និងលៀស។ ក្រុមគ្រួសាររបស់ជនល្មើសបានធ្វើសកម្មភាពតវ៉ាជាមួយកងកម្លាំង ដូចដែលបានបង្ហាញក្នុងវីដេអូ។
ក្រោយមក កងកម្លាំងទាំងពីរក្រុមបាននាំយកទូក និងវត្ថុតាងមកកាន់ទីស្នាក់ការ។ ទូកមួយគ្រឿងដែលមិនបានរត់គេច បានចូលខ្លួនមកទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់។ ចំពោះទូកមួយគ្រឿងទៀតដែលបានរត់គេចរហូតដល់ភូមិ មិនបានចូលមកធ្វើកិច្ចសន្យាបញ្ឈប់ទង្វើនេសាទខុសច្បាប់នោះទេ។ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក៏បានបង្ហោះចែកចាយវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក ដោយថតតែសកម្មភាពកងកម្លាំងស្លៀកពាក់ស៊ីវិលក្លែងភេទប៉ុណ្ណោះ ខណៈដែលកងកម្លាំងស្លៀកពាក់ឯកសណ្ឋានកងទ័ពក៏បានចូលរួមប្រតិបត្តិការដែរ។
គណៈបញ្ជាការឯកភាពបឹងទន្លេសាប បានបញ្ជាក់ថា ក្នុងសកម្មភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ការប្រើប្រាស់ឯកសណ្ឋានកងទ័ពសម្រាប់ល្បាត និងបង្ក្រាប មិនសូវមានប្រសិទ្ធភាពនោះទេ។ ផ្ទុយទៅវិញ កងកម្លាំងស្លៀកពាក់ស៊ីវិលក្លែងភេទជាប្រជានេសាទ តែងទទួលបានលទ្ធផលប្រសើរជាង ពិសេសនៅតំបន់ដែលមានការសង្ស័យ និងមានការរាយការណ៍ពីប្រជានេសាទ។ លើសពីនេះ នៅថ្ងៃកើតហេតុ អាកាសធាតុក្តៅខ្លាំង នៅម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ក៏ជាកត្តាមួយដែលជះឥទ្ធិពលដល់ការប្រតិបត្តិការផងដែរ។
បទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបមានភាពស្មុគស្មាញ មានច្រើនរូបភាព និងទម្រង់ ទាំងលើផ្ទៃទឹក តំបន់អភិរក្សពូជត្រី និងតំបន់ព្រៃលិចទឹក។ ក្រុមជនល្មើសតែងតែប្រើប្រាស់បណ្តាញតាមដានការចេញល្បាតរបស់កងកម្លាំងស្លៀកពាក់ឯកសណ្ឋានកងទ័ព រួចផ្តល់ព័ត៌មានឱ្យគេចវេស ឬទម្លាក់វត្ថុតាងចូលក្នុងទឹក ឬតំបន់ព្រៃលិចទឹក ដើម្បីគេចពីការបង្ក្រាប។
គណៈបញ្ជាការឯកភាពបឹងទន្លេសាប បន្តប្តេជ្ញាបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដើម្បីការពារធនធានមច្ឆាជាតិ និងជីវចម្រុះនៃបឹងទន្លេសាប។
